Cctimesw1140xh150cm copy

១ឆ្នាំដំបូងនៃអាណត្តិទី៧៖NEAទទួលបានអ្នកចុះឈ្មោះស្វែងរកការងារជាង៤ម៉ឺននាក់

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ៖ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ពោលគឺមួយឆ្នាំដំបូងនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានអ្នកមកចុះឈ្មោះស្វែងរកការងារជាង ៤២ ០០០នាក់។ នេះបើតាមប្រសាសន៍ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅឱ្យនិយោជកចំនួនជាង ៥៤ ០០០ ដង និងជួយអ្នកស្វែងរកការងារទទួលបានការងារធ្វើបានចំនួនជិត ១០ ០០០នាក់។ ក្នុងនោះ អ្នកទទួលបានកន្លែងកម្មសិក្សាការងារចំនួន ១៩២០នាក់ និងអ្នកស្វែងរកការងារទទួលបានសេវាប្រឹក្សាយោបល់អំពីអាជីពការងារ និងវិជ្ជាជីវៈចំនួនជាង ១១ ៧០០នាក់។

បើតាមប្រសាសន៍ លោក កត្តា អ៊ន ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានរៀបចំកម្មវិធី «វេទិកាការងារ»ជាច្រើនលើកជាប្រចាំដើម្បីបង្កើតកន្លែងជួបគ្នាដោយងាយស្រួលរវាងនិយោជក និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដែលរួមមាន កិច្ចសម្ភាសការងារ វេទិកាការងារ និងពិព័រណ៍ការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលក្រុមហ៊ុន សហគ្រាប់ធំៗជាច្រើនអាចចូលរួមដាក់តាំងបង្ហាញឱកាសការងារជូនសាធារណជន។ លើសពីនេះ NEA ក៏មានមជ្ឈមណ្ឌលកការងារ ១៤ និងមជ្ឈមណ្ឌលការងារចល័តចំនួន ៧ ដើម្បីផ្តល់សេវាការងារដោយផ្ទាល់ ជូនយុវជន សិស្ស/និស្សិតនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេសផងដែរ។

ទន្ទឹមនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ក៏បានរៀបចំវេទិកាការងារបានចំនួន ៩៤ដង ដោយមានអ្នកចូលរួមប្រមាណ ១៦ ០០០នាក់។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានរៀបចំឱកាសការងារក្នុងស្រុកជាច្រើនម៉ឺនកន្លែង ក្នុងវិស័យសំខាន់ៗជាច្រើន ក្នុងរាជធានី-ខេត្ត សម្រាប់សាធារណជនងាយស្រួលជ្រើសរើសចូលបម្រើការងារតាមជំនាញដែលខ្លួនមានដូចជា៖ វិស័យឧស្សាហកម្ម វិស័យកសិកម្ម និង វិស័យសេវាកម្មនៅទូទាំងប្រទេសផងដែរ។

ជាមួយគ្នានោះ លោក កត្តា អ៊ន ណែនាំដល់ យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ធ្វើការទំនាក់ទំនងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទូរសព្ទ 077 23 23 78 ឬតាមរយៈ Hotline 1297, 1286 ឬប្រើប្រាស់សេវាការងារតាមរយៈប្រព័ន្ធឌីជីថលដោយងាយស្រួលដែលមានដូចជា វេបសាយ www.nea.gov.kh និងកម្មវិធីទូរស័ព្ទដៃ NEA Job Search ដើម្បីទទួលបានព័ត៌មានអំពីទីផ្សារការងារ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង