វៀតណាម៖ ប្រទេសវៀតណាមបានធ្វើសេចក្តីព្រាងសារាចរណែនាំស្តីពីសុជីវធម៌របស់ប៉ូលីស នឹងត្រូវបានហាមឃាត់មិនឱ្យទទួលទានគ្រឿងស្រវឹងក្នុងកាលៈទេសៈណាក៏ដោយ ។ សេចក្តីព្រាងច្បាប់នេះ រៀបចំដោយនាយកដ្ឋានកិច្ចការបក្ស និងនយោបាយ ក្រោមក្រសួងសន្តិសុខសាធារណៈ បង្ហាញពីវិធានការក៏ដូចវិន័យថ្មីដល់កងកម្លាំងប៉ូលីសរបស់វៀតណាម។ សេចក្តីព្រាងច្បាប់បានដាក់កម្រិតដល់មន្ត្រីពីការទទួលទានគ្រឿងស្រវឹងមុន ឬអំឡុងពេលម៉ោងធ្វើការ រួមទាំងការសម្រាកផងដែរ ដោយមន្ត្រីត្រូវតែជៀសវាងទទួលទាបគ្រឿងស្រវឹងក្នុងកាលៈទេសៈណាក៏ដោយ គ្រប់ពេល គ្រប់ទីកន្លែង។ នេះបើយោងតាមចុះផ្សាយរបស់កាសែតវៀតណាម VN Express។
យោងតាមសេចក្តីព្រាងច្បាប់ដដែលក៏បានចែងផងដែលថា មន្ត្រីនគរបាលមិនត្រូវលាបពណ៌សក់របស់ខ្លួន ក្រៅពីខ្មៅ ទុកក្រចកដៃវែង លើកលែងតែមន្ត្រីជាស្រ្តីភេទតែប៉ុណ្ណោះ។ ក្នុងនោះក៏រួមបញ្ចូលផងដែរនូវការហាមឃាត់ទាំងស្រុងលើការលេងល្បែងស៊ីសងក្នុងទម្រង់ណាក៏ដោយ។ វិធានការទាំងនេះមានគោលបំណងរក្សាមុខមាត់វិជ្ជាជីវៈរបស់មន្ត្រីនគរបាលរបស់ប្រទេសវៀតណាម។
គោលការណ៍ណែនាំបន្ថែមនៅក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះរួមមានការហាមឃាត់ការស្លៀកពាក់ឯកសណ្ឋានប៉ូលីសពេលកំពុងញ៉ាំអាហារ ឬផឹកស្រានៅភោជនីយដ្ឋានតាមដងផ្លូវ លុះត្រាតែកាតព្វកិច្ចការងារទាមទារ។ ការជក់បារីក៏ត្រូវបានហាមប្រាមផងដែរសម្រាប់មន្ត្រីដែលបំពេញកាតព្វកិច្ច នៅកន្លែងធ្វើការ បន្ទប់សន្និសីទ និងតំបន់ផ្សេងទៀតដែលការជក់បារីត្រូវបានរឹតបន្តឹងជាខ្លាំង។ក្រសួងសន្តិសុខសាធារណៈបច្ចុប្បន្នកំពុងស្វែងរកមតិសាធារណៈលើសំណើនេះ៕