Cctimesw1140xh150cm copy

«គណនីDouyin»ផ្សាយព័ត៌មានមិនពិតថាមានរដ្ឋប្រហារនៅកម្ពុជាត្រូវបានអាជ្ញាធរចិនបិទចោល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី២៨សីហានេះ បានឲ្យដឹងថាគណនី បណ្តាញសង្គម​Douyin(TIK TOK ក្នុងប្រទេសចិន) ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីកងទ័ពធ្វើរដ្ឋប្រហារនៅកម្ពុជា ត្រូវបានបិទចោលហើយ។

យោងតាមការបង្ហោះសាររបស់លោក Wang Wenbin បានសរសេរថា "គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តភក្តិកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលមិនពិត។"

ស៊ីស៊ីថាមស៌ នៅថ្ងៃនេះបានផ្ញើសារតាមបណ្តាញ WECHAT សួរទៅមន្រ្តីផ្នែកព័ត៌មាននៃស្ថានទូតចិនប្រចាំកម្ពុជា អំពីម្ចាស់គណនី ​Douyin ដែលផ្សាយព័ត៌មាន​មិន​ពិតគីជា​ពលរដ្ឋ​ចិន ឬ​ជា​ជន​បរទេស? ហើយបើសិនជាម្ចាស់គណនី ​Douyin នេះកំពុងរស់នៅប្រទេសចិន តើអាជ្ញាធរចិននឹងបន្តចាត់វិធានការច្បាប់ដែរឬទេ?

បច្ចុប្បន្ននេះ សំណួរនេះ មន្រ្តីផ្នែកព័ត៌មាននៃស្ថានទូតចិនប្រចាំកម្ពុជាមិនទាន់បានឆ្លើយតបនៅឡើយទេ។

លោក Wang Wenbin កាលពីថ្ងៃទី២៣សីហា បានសរសេរសារក្នុងបណ្តាញសង្គម ប្រកាសថ្កោលទោស ចំពោះការប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ហើយនឹងសហការជាមួយមិត្តភ័ក្ដិកម្ពុជា ដើម្បីទប់ស្កាត់និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ការប្រកាសនេះធ្វើឡើងក្រោយឃើញមានឃ្លីបវីដេអូជាភាសាចិន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងកងទ័ពកម្ពុជាធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត។

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី ២២ សីហា បានធ្វើសេចក្តីថ្លែងការណ៍មួយ ច្រានចោល ការចុះផ្សាយមិនពិតថា «កងទ័ពធ្វើរដ្ឋប្រហារចាប់ខ្លួនសម្ដេច ហ៊ុន ម៉ាណែត និង សម្តេច ហ៊ុន សែន»។ អ្នកនាំពាក្យ បានចាត់ទុកការផ្សាយនេះ គឺជាទង្វើទុច្ចរិតដ៏អាក្រក់ និង ព្រមានចាត់វិធានការច្បាប់ ដោយគ្មានលើកលែងឡើយ ចំពោះក្រុមជ្រុលនិយម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង