ចិន៖ ទីផ្សារលក់មនុស្សយន្តចិនកំពុងតែមានការកើនឡើងខ្លាំងដោយម៉ាស៊ីនមនុស្សយន្តដំណើរការបាន ក្នុងការអនុវត្តកិច្ចការងារជាច្រើនរបស់មនុស្ស និងក្នុងវិស័យឧស្សាហកម្ម។ មនុស្សយន្តទាំងនេះ ក៏មានសមត្ថភាពធ្វើចលនាស្រដៀងទៅនឹងរាងកាយមនុស្ស និងបំពាក់មកជាមួយបច្ចេកវិទ្យាចេះស្តាប់ និងធ្វើដំណើរបានដូចមនុស្ស មនុស្សយន្តចិននេះក៏បានបូកបញ្ចូលជាមួយនិងបច្ចេកវិទ្យា AI ជំនាន់ចុងក្រោយបំពាក់ក្នុងខួររបស់វាថែមទៀតផង។
សន្និសិទឧស្សាហកម្មមនុស្សយន្តចិនដែលបើកសម្ពោធកាលពីខែមេសាបានព្យាករថានៅឆ្នាំ ២០២៩ ទីផ្សារមនុស្សយន្តរបស់ប្រទេសចិននឹងឈានដល់ ៧៥ ពាន់លានយន់ (រឺ ១១ ពាន់លានដុល្លារ) ដែលធ្វើឱ្យចិននិងក្លាយជាទីផ្សារលក់មនុស្សយន្តធំបំផុតនៅក្នុងពិភពលោក។
បើតាមអ្នកជំនាញចិន ការបង្កើតមនុស្សយន្តរបស់ប្រទេសចិន កំពុងឈានទៅរកការរីកចម្រើនយ៉ាងខ្លាំង សម្រាប់វិស័យឧស្សាហកម្ម។ អ្នកផលិតមនុស្សយន្តនៅទូទាំងប្រទេសចិនកំពុងពន្លឿនការអភិវឌ្ឍន៍ក្នុងវិស័យនេះបន្ថែមទៀតដើម្បីជំរុញនៃការលក់មនុស្សយន្តដែលមានសមត្ថភាពជំនួសការងារមនុស្សបានទៅកាន់ទីផ្សារអន្តរជាតិ។
ជាមួយគ្នានោះ ទំហំនៃការដំឡើងមនុស្សយន្តឧស្សាហកម្មនៅក្នុងប្រទេសចិន បានកើនឡើងពីប្រហែល ៦០,០០០ គ្រឿងក្នុងមួយទសវត្សរ៍មុនដល់ ២៩០,០០០ នាពេលបច្ចុប្បន្ននេះ។ ការរីកចម្រើនយ៉ាងឆាប់រហ័សនេះមានន័យថា ជាងពាក់កណ្តាលនៃការដំឡើងមនុស្សយន្តឧស្សាហកម្មប្រចាំឆ្នាំរបស់ពិភពលោកកើនឡើងនៅក្នុងប្រទេសចិនខ្លាំងដោយភាគច្រើននៃចំនួនទាំងនោះបានតំឡើងក្នុងប្រទេសចិន៕