Cc time web banner 054637

សម្តេច ហ៊ុន សែន៖«មូលនិធិអភិវឌ្ឍព្រំដែន»បង្ហាញពីសាមគ្គីភាពជាតិខ្មែរ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៦ សីហា ម្សិលមិញ បានប្រកាសដាក់ឱ្យដំណើរការ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»ជាគំនិតផ្តួចផ្តើមឡើងដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ក្រោយប្រកាសដាក់ឱ្យដំណើរការ យើងឃើញថាប្រជាពលរដ្ឋខ្មែរជាច្រើនបាននាំគ្នាំចូលរួមយ៉ាងផុលផុសតាមលទ្ធភាពដែលខ្លួនមាន។អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានចាត់ទុកការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរនាពេលនេះ បង្ហាញពីសាមគ្គីភាពជាតិខ្មែរ។

តាមរយៈសំណេរតាមបណ្តាញសង្គមផ្លូវការរបស់ខ្លួន សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង ជាអតីតនាយករដ្ឋមន្ត្រី បានហៅ«មូលនិធិអភិវឌ្ឍព្រំដែន»ជាស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិខ្មែរ។សម្រាប់ប្រជាពលរដ្ឋដែលបារម្ភខ្លាចបាត់ដី៤ខេត្តទៅវៀតណាម សម្តេចបានចាត់ទុកថា នេះជាពេលវេលាល្អសម្រាប់ការចូលរួម ដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅ និង តាំងទីលំនៅទីនោះ។

បើតាមសម្តេច ហ៊ុន សែន ការរំពឹងទុកប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។

គួរបញ្ជាក់ថា នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ សីហា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានប្រកាសផ្តួចផ្តើមបង្កើតមូលនិធិកៀរគរថវិកាពលរដ្ឋទៅកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនក្នុងទិសដៅការពារបូរណភាពទឹកដីខ្មែរ។មូលនិធិថ្មីនេះនឹងផ្តោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែន។ គំនិតផ្តួចផ្តើមបង្កើតមូលនិធិនេះធ្វើឡើង បន្ទាប់ពីក្រុមអតីតគណបក្សប្រឆាំងដឹកនាំដោយលោកសម​ រង្ស៊ី ព្យាយាមវាយប្រហារថា រាជរដ្ឋាភិបាលបច្ចុប្បន្ន បានកាត់ដី៤ខេត្តឱ្យវៀតណាមតាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ ជាមួយឡាវ និង វៀតណាម និង ជំរុញឱ្យអ្នកគាំទ្ររបស់ខ្លួនចុះផ្លូវធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង