Smart saver cctime web bannertif

ស្ថានទូតចិន«ថ្កោលទោស»ចំពោះការប្រឌិតនិងផ្សាយព័ត៌មានក្លែងក្លាយពីការធ្វើរដ្ឋប្រហារនៅកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសរសេរសារក្នុងបណ្តាញសង្គម ប្រកាសថ្កោលទោសចំពោះការប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ហើយនឹងសហការជាមួយមិត្តភ័ក្ដិកម្ពុជា ដើម្បីទប់ស្កាត់និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ការប្រកាសនេះធ្វើឡើងក្រោយឃើញមានឃ្លីបវីដេអូជាភាសាចិន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងកងទ័ពកម្ពុជាធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត។

លោក Wang Wenbin បានសរសេរថា "យើងថ្កោលទោស ចំពោះការប្រឌិត និង ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ហើយនឹងសហការជាមួយមិត្តភ័ក្ដិកម្ពុជា ដើម្បីទប់ស្កាត់និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។"

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ២២ សីហាម្សិលមិញ បានធ្វើសេចក្តីថ្លែងការណ៍មួយ ច្រានចោល ការចុះផ្សាយមិនពិតថា «កងទ័ពធ្វើរដ្ឋប្រហារចាប់ខ្លួនសម្ដេច ហ៊ុន ម៉ាណែត និង សម្តេច ហ៊ុន សែន»។ អ្នកនាំពាក្យ បានចាត់ទុកការផ្សាយនេះ គឺជាទង្វើទុច្ចរិតដ៏អាក្រក់ និង ព្រមានចាត់វិធានការច្បាប់ ដោយគ្មានលើកលែងឡើយ ចំពោះក្រុមជ្រុលនិយម។

អ្នកនាំពាក្យរូបនេះ បានប្រកាសបដិសេធចំពោះការផ្សាយឃ្លីបវីដេអូមួយនេះ ដែលបានចោទប្រកាន់ដោយគ្មានភ័ស្តុតាង មកលើថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលជានិច្ចជាកាល គឺជាកងកម្លាំងស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីបោះឆ្នោត និងប្រកាន់ជំហរយ៉ាងរឹងមាំឥតងាករេក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង