Cctimesw1140xh150cm copy

សិស្សវិទ្យាល័យ ៥ រូប បន្តការចែករំលែកពី «ផលវិបាកនៃការបោះបង់ការសិក្សា» ទៅកាន់សិស្សថ្នាក់បឋមនៅស្ទឹងត្រែង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សិស្សវិទ្យាល័យព្រះគោ ៥ រូប កាលពីថ្ងៃទី ១៦ សីហា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាចែករំលែកពី អត្ថប្រយោជន៍នៃការសិក្សា និងផលវិបាកនៃការបោះបង់ការសិក្សាទៅកាន់សិស្សបឋមសិក្សាវាលខ្សាច់ នៅខេត្តស្ទឹងត្រែង។

យុវតី ធា ម៉ារិន 


បើតាមយុវតី ធា ម៉ារិន ដែលជាប្រធានក្រុមនៃការរៀបចំគម្រោងដែលមានឈ្មោះថា «យុវជនជំនាន់ថ្មី ដើម្បីយុវជនជនជាតិដើមភាគតិច»។ មានគោលបំណងក្នុងការចូលរួមចំណែកកាត់បន្ថយការបោះបង់ការសិក្សានៃសិស្សានុសិស្សនៅតំបន់មួយចំនួននៃខេត្តស្ទឹងត្រែង។ គម្រោងនេះត្រូវបានបង្កើតឡើងដោយយុវតី និងយុវជន ចំនួន ៥ រូប រួមមានមា៉រិនជាប្រធានក្រុម ព្រមទាំង យុវជន មាស បញ្ញា ជាអនុប្រធាន, និងសមាជិក ផល្លី ភីឈីត, ថន មណ្នីវង្ស , យុវតី យ៉ាន ស្រីនីត ។ យុវជនទាំង៥រូប ជាសិស្សថ្នាក់ទី១១ កំពុងសិក្សានៅវិទ្យាល័យព្រះគោ ដែលស្ថិតនៅខេត្តស្ទឹងត្រែង។

រូបភាពយុវជនទាំង៥រូបជាមួយនឹងក្រុមរបស់ខ្លួនកាលធ្វើគម្រោងជាមួយ RULErs

បើតាម យុវតី ម៉ារិន បានឱ្យដឹងបន្ថែមទៀតថាខ្លួន និងក្រុមរបស់ខ្លួនធ្លាប់មានបទពិសោធន៍រៀបចំគម្រោងមួយបានជោគជ័យរួចទៅហើយជាមួយនឹង RULErs ដោយយុវជនទាំងនេះបានចុះទៅកាន់អនុវិទ្យាល័យចំនួន២ ដើម្បីរៀបចំសិក្ខាសាលាពាក់ព័ន្ធជាមួយនឹងការឈោងចាប់ក្តីស្រមៃ។ ក្រោយរៀបចំគម្រោងបានជោគជ័យ ពួកគេនៅតែបន្តការស្រឡាញ់ការងារសហគមន៍ដែលជាហេតុបានដាក់ពាក្យចូលរួមក្នុងការប្រកួតជាមួយនឹងកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ-VMC»។

តាមរយៈការដាក់ពាក្យចូលរួមប្រកួតជាមួយកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ-VMC»នេះ យុវជនតំណាងក្រុមបានចូលរួមវគ្គបណ្តុះបណ្តាលអំពីការរៀបចំគម្រោង និងរៀបចំគោលគំនិតមុននឹងធ្វើសកម្មភាពជាក់ស្តែង។ បន្ទាប់ពីមានគំនិតរួចរាល់ បេក្ខជនទាំង៥រូបបានព្យាយាមស្នើលោកគ្រូអ្នកគ្រូប្រជុំ និងស្នើឱ្យមានការកៀរគរថវិកាដើម្បីគាំទ្រគម្រោងនេះអោយបានជោគជ័យផងដែរ។ យុវជនទាំង៥រូបបានចូលកៀគរធនធាននៅក្នុងសាលាវិទ្យាល័យព្រះគោហើយនិងមានគម្រោងចុះទៅកៀគរធនធាននៅសាលាអនុវិទ្យាល័យថាឡាបរិវ៉ាត់ ដើម្បីយកថវិកាមកទិញសំភារៈក៏ដូចជាអាហារសម្រន់ដើម្បីអាចផ្តល់ជូនសិស្សានុសិស្សដែលចូលរួមនៅសាលាគោលដៅនៅថ្ងៃកម្មវិធី។

រូបភាពកំឡុងពេលកៀរគរថវិកាសម្រាប់គម្រោង

ជាសមិទ្ធផល យុវជនទាំង៥ប្រមូលបានថវិកាប្រមាណ ១៩ ម៉ីនរៀល ដើម្បីប្រើប្រាស់សម្រាប់ថ្ងៃកម្មវិធីចែករំលែកបទពិសោធន៍ នៅសាលាបឋមសិក្សាវាលខ្សាច់នៅខេត្តស្ទឹងត្រែង។ ក្នុងចំណោមយុវជនទាំង៥រូប មានយុវជនពីររូបធ្វើជាវាគ្មិន គឺ យុវតី ធា ម៉ារិន និង យុវជន ថន មណ្នីវង្ស ចែករំលែកពីប្រធានបទ «ផលវិបាកនៃការបោះបង់ការសិក្សា» ទៅកាន់សិស្សថ្នាក់ទី៦ ចំនួន ១៧រូប ។

រូបភាពនៅថ្ងៃកម្មវិធី

ម៉ារិន បានបន្តទៀតថា៖ «នៅថ្ងៃកម្មវិធី ក្រុមការងាររៀបចំកម្មវិធីបានសង្កេតឃើញថានៅពេលយុវជនចែករំលែកមានសិក្សានុសិស្សបានចូលរួមស្ដាប់យ៉ាងសកម្មហើយថែមទាំងមានយុវជនក្រៅគម្រោងស្ម័គ្រចិត្តមកចំនួន២រូបដើម្បីជួយសម្ភាស៍ប្អូនៗដែលកំពុងតែជួបបញ្ហាប្រឈមជាមួយការបោះបង់ការសិក្សាទៀតផង ជាពិសេសទៀតនោះកុមារនៅទៅនោះបានស្នើរសុំដល់គម្រោងយើងខ្ញុំឲ្យមានកម្មវិធីបែបនោះបន្តទៀតផង។»

គួរបញ្ជាក់ផងដែរថា ក្រោយរៀបចំគម្រោងនៅសាលាបឋមសិក្សាវាលខ្សាច់ យុវជនទាំង៥រូបនឹងបន្តរៀបចំសិក្ខាសាលានៅសាលាបឋមសិក្សាអន្លង់ជ្រៃ នៅចុងខែសីហានេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង