ភ្នំពេញ៖ «វត្ថុបុរាណខ្មែរ»តំណាងឱ្យដួងព្រលឹងដូនតា នៅថ្ងៃទី ២២ សីហានេះ បានយាងត្រឡប់មកដល់មាតុភូមិកម្ពុជាឡើងវិញហើយ ក្រោយបែកពីមាតុប្រទេសអស់ជាច្រើនឆ្នាំដោយសារសង្គ្រាមរាំរៃរបស់កម្ពុជា។ពិធីទទួលនៅព្រឹកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។វត្ថុបុរាណខ្មែរទាំងអស់នោះ មានប្រភពតាំងពីមុនសម័យអង្គរ និង ក្នុងសម័យអង្គរ។
យោងតាមក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧១រូប ដែលបានវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នក ជំនាញជាតិនិងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលអាម៉េរិក តាមរយៈ រដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និង ការិយាល័យរដ្ឋអាជ្ញា សង្កាត់ម៉ាន់ហាថាន។
សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧១រូប ទទួលបានមកវិញតាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និង តាមផ្លូវតុលាការ បានត្រូវប្រគល់មកវិញពី៖ គ្រួសារ Lindemann, លោក James Clark និង សារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និង ឯកជននានានៅសហរដ្ឋអាម៉េរិក។
ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ, បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្តុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅ សារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការ ជួញដូរខុសច្បាប់។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញពីមោទនភាព និង សេចក្តីរំភើបរីករាយឥតឧបមា ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតារបស់ខ្លួន និង ជាអត្តសញ្ញាណជាតិ។សម្រាប់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្ននេះ ក្រោយសន្តិភាពពេញលេញ កម្ពុជាទទួលបានបុរាណវត្ថុមកពីប្រទេសចំនួន ១៥ ក្នុងនោះមានដូចជា សហរដ្ឋអាម៉េរិក, ចក្រភពអង់គ្លេស និងប្រទេសនានាជាច្រើនទៀត។បន្ថែមលើពីនេះ កម្ពុជាកំពុងរៀបចំឯកសារ ដើម្បីដឹកជញ្ជូនបុរាណវត្ថុចំនួន ៧៦ អង្គ/បំណែកបន្ថែមទៀត មកពីចក្រភពអង់គ្លេស៕