ភ្នំពេញ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩ គិតមកត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មានគ្រួសារក្រីក្រសរុបប្រមាណជិត២លានគ្រួសារដែលបានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម។
ជាលទ្ធផលជាក់ស្តែង កម្មវិធីនេះ ទទួលបានការសារទរទាំងពីថ្នាក់ជាតិ និងមជ្ឈដ្ឋានអន្តរជាតិ។ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ខែទី១ មានអ្នកទទួលផលចំនួន៥៣០៨៣៨គ្រួសារ ខែទី២ ចំនួន៥៩៨៥១២គ្រួសារ ខែទី៣ ចំនួន៦៤៤៦៥៥ គ្រួសារ។
ដោយឡែកសម្រាប់ខែទី៤ ដែលបានចាប់ផ្តើមអនុវត្តបើកផ្តល់កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាចំនួន ១២៥ ១៧២ ៦៨៧ ៦០០ រៀល សម្រាប់ផ្តល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៨៩ ៩៧៣ គ្រួសារ។
សូមបញ្ជាក់ថា រដ្ឋាភិបាលបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កន្លងមក។ កម្មវិធីនេះ គឺជាការយកចិត្តទុកដាក់ចំពោះជីវភាព និងការលំបាករបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយបានរួមចំណែកជំរុញឲ្យមានការកែសម្រួលកាន់តែប្រសើរឡើង នូវការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងជំរុញឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការជាមួយគ្នាកាន់តែជិតស្និតថែមទៀតក្នុងការអនុវត្តកម្មវិធី៕