មីយ៉ាន់ម៉ា៖ ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ កំពុងតែកកស្ទះដណ្តើមគ្នាចូលចាក់សាំង ដោយតាមដងផ្លូវមានរថយន្ត និងម៉ូតូស្ទះកកកុញបន្ទាប់ពីប្រេងឥន្ធនៈមានកង្វះខាតជាខ្លាំង និង មានតម្លៃកើនឡើងខុសពីរាល់ដង។ វិបត្តិសង្រ្គាមស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារក្នុងឆ្នាំ ២០២១ មក បានធ្វើពលរដ្ឋជាច្រើនបាត់បង់ជីវិត សេដ្ឋកិច្ចដាំក្បាលចុះ ពលរដ្ឋបង្ខំចិត្តជម្លៀសខ្លួនទៅកាន់ប្រទេសក្បែរៗខាង។
តាមរយៈខ្សែវីដេអូដែលថតដោយពលរដ្ឋមីយ៉ាន់ម៉ាកំពុងតែបង្ហាញអំពីវិបត្តិសេដ្ឋកិច្ចនៃប្រទេសមីយ៉ាន់ម៉ាកាន់តែស្ថិតក្នុងភាពអាសន្ន តម្លៃប្រេងឥន្ធនៈ សាំង និង ម៉ាសូតមានការកើនឡើងចំពេលក្នុងប្រទេសកំពុងតែមានភាពវឹកវរ តម្លៃប្រេងសាំងកាលពីមុនត្រឹម ២០០០រៀលជាងក៏ប៉ុន្តែបច្ចុប្បន្ននេះកើនឡើងដល់ជាង ៣០០០រៀល ដោយពលរដ្ឋមីយ៉ាន់ម៉ារាប់ម៉ឺននាក់មិនមានការងារធ្វើដោយសារតែសង្រ្គាមស៊ីវិលកំពុងតែផ្ទុះក្នុងប្រទេស។
តាមពលរដ្ឋមីយ៉ាន់ម៉ាបានឲ្យដឹងថា ការ៉ាស់សាំងនៅមិនទាន់ដំណើរការបាននៅឡើយនោះទេ ដោយសារតែបញ្ហាកង្វះប្រេង ពលរដ្ឋបានតម្រង់ជួរតាំងពីយប់ រហូតព្រឹកឡើង ដើម្បីចាក់សាំងក៏ប៉ុន្តែស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់។
នៅដើមខែសីហា ការខ្វះខាតប្រេងឥន្ធនៈបានកើតឡើងនៅស្ថានីយ៍ប្រេងឥន្ធនៈក្នុងទីក្រុងយ៉ាំងហ្គោន ដោយសារវាជារដូវដែលមានភ្លៀងធ្លាក់ខ្លាំង ដូច្នេះរថយន្តដឹកប្រេងបានបើកបរដោយប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដូច្នេះឡានដឹកប្រេងត្រូវបានពន្យារពេលយូរជាងធម្មតា។
សមាគមអ្នកនាំចូល និងចែកចាយប្រេងមីយ៉ាន់ម៉ា បានប្រកាសថា ជាលទ្ធផល មានការខ្វះខាតប្រេងឥន្ធនៈបណ្តោះអាសន្ននៅតាមស្ថានីយប្រេងឥន្ធនៈជាច្រើនទីតាំង។ លើសពីនេះ ដោយសារប្រជាជនភាគច្រើនដែលធ្វើចំណាកស្រុកពីតំបន់មិនស្ថិតស្ថេរមកទីក្រុងធំៗ តម្រូវការប្រេងឥន្ធនៈក៏កាន់តែខ្ពស់នៅក្នុងទីក្រុងធំៗទើបធ្វើឲ្យបញ្ហាកង្វះប្រេងមានការកើនឡើងខ្លាំង៕