ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣១នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនភ្លាមៗ ក្រោយពីពួកគេរៀបចំផែនការបាតុកម្ម«ផ្តួលរំលំ»រាជរដ្ឋាភិបាលកម្ពុជា តាមការអូសទាញពីអតីតក្រុមប្រឆាំងនៅក្រៅប្រទេសដឹកនាំដោយ លោក សម រង្ស៊ី និង ថ្នាក់ដឹកនាំមួយចំនួនទៀត។ការចាប់ខ្លួននេះ ធ្វើឡើងពេលដែលសកម្មជនទាំងអស់នោះធ្វើដំណើរមកចូលរួមបាតុកម្មនៅមុខព្រះបរមរាជវាំងតាមគោលដៅដាក់ចេញពីក្រៅប្រទេសកម្ពុជា។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្រោយពីទទួលបានសញ្ញានៃការតវ៉ាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ភ្លាម សមត្ថកិច្ចធ្វើការត្រួតពិនិត្យ ឆែកឆេរ និង ឃាត់ខ្លួនសមាជិក សកម្មជននៃក្រុមកុបកម្មចំនួន ៣១នាក់ (ស្រី ២នាក់) ដែលបានធ្វើសកម្មភាពតាមផែនការរបស់ពួកគេក្នុងការប្រមូលកម្លាំងនៅតាមគោលដៅដែលបានកំណត់។ក្នុងប្រតិបត្តការនោះ អាជ្ញាធរកម្ពុជា បានរកឃើញនូវសម្ភារមួយចំនួនមានជាអាទិ៍៖ ( ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូ និង គ្រាប់ដែក) សម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។
ការចាប់ខ្លួនមនុស្ស៣១នាក់នេះ ត្រូវបានអគ្គស្នងការនគរបាលជាតិ ពន្យល់ថា ជាវិធានការបង្ការ ទប់ស្កាត់ សកម្មភាពបង្កអសន្តិសុខប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីធានាបានសុវត្ថិភាពគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាប្រក្រតីភាពនៃសកម្មភាព ជីវភាពប្រជាពលរដ្ឋ និង សង្គម។
រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស កុំចាញ់បោកនូវឧបាយកលនយោបាយទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែយកប្រជាពលរដ្ឋមកធ្វើជាឧបករណ៍ ដោយមិនគិតពីអាយុជីវិត ការលំបាករបស់ប្រជាពលរដ្ឋ បម្រើឲ្យមហិច្ឆិតាខ្មៅកខ្វក់របស់ក្រុមបក្ខពួកខ្លួន ដើម្បីដណ្តើមអំណាចផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ចំពោះមនុស្ស៣១នាក់ដែលចាប់ខ្លួន កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និង កំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕