ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៦សីហានេះ បានផ្ញើសារអបអរសាទរជូន លោកស្រី ផែថោងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កូនស្រីពៅ លោក ថាក់ ស៊ីន ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។ តាមរយៈសារអបអរនេះ សម្តេច បានលើកឡើងថា សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកស្រី និងសភានៃព្រះរាជាណាចក្រថៃ ជាពិសេស ព្រឹទ្ធសភា ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនិងសភានៃប្រទេសទាំងពីរ។
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសេរសារយ៉ាងដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំ សូមចូលរួមអបអរសាទរ ដោយក្តីសោមនស្សរីករាយនិងដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោកជំទាវ ដែលបានជាប់ឆ្នោតជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីពេលថ្មីៗនេះ។ ភាពជោគជ័យរបស់លោកជំទាវ ក្នុងការទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាពនៃការដឹកនាំនិងការលះបង់ដ៏ពិសេសរបស់លោកជំទាវ ចំពោះបុព្វហេតុជាតិ និងប្រជាជនរបស់ លោកជំទាវ។
ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ត្រូវបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ដោយផ្អែកលើស្មារតីនៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងប្រជាជាតិយើងទាំងពីរនិងតំបន់ ជាពិសេស សហគមន៍អាស៊ានរបស់យើង។ ក្នុងនាមជាប្រទេសជិតខាងល្អនឹងគ្នា យើងបានសហការគ្នាលើបញ្ហាផ្សេងៗ ដែលជាផលប្រយោជន៍រួម ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងតួនាទីថ្មីរបស់ លោកជំទាវ ជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រថៃ លោកជំទាវ នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរបស់យើងលើគ្រប់វិស័យ ដើម្បីបង្កើតសក្តានុពលថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរ និងផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជាតិ និងប្រជាជនយើងទាំងពីរ។»
គួរបញ្ជាក់ថា សភាថៃ នាថ្ងៃសុក្រទី១៦សីហានេះ បានសម្រេចបោះឆ្នោតឱ្យលោកស្រី ផែថោងថាន ស៊ីណាវ៉ាត្រា កូនស្រីរបស់លោក ថាក់ស៊ីន ក្លាយជានាយករដ្ឋមន្ត្រីទី៣១ ដឹកនាំប្រទេសថៃថ្មី។ អ្នកស្រី ផែថោងថាន ទទួលបានសំឡេងគាំទ្រលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាថៃសរុប៤៩៣នាក់ ដែលចាំបាច់ដើម្បីក្លាយជានាយករដ្ឋមន្រ្តី។ តាមរយៈការបោះឆ្នោតជ្រើសតាំងនេះ បានធ្វើឱ្យអ្នកស្រី ផែថោងថាន មានអាយុ ៣៧ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ថៃ និងជានាយករដ្ឋមន្ត្រីទី៣១ នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕