ជំនួបក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៩ ដែលធ្វើឡើងនៅប្រទេសថៃ ប្រមុខការទូតកម្ពុជា និងចិន បានប្រកាសជាថ្មីពីការបន្តប្ដេជ្ញាចិត្តធ្វើការជាមួយបណ្តាប្រទេសមេគង្គទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឈានទៅអនាគតរួមគ្នានៃសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានអះអាងជាថ្មីនូវការ ប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសមេគង្គទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការកសាងអនាគតរួមគ្នានៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏រឹងមាំក្នុងទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការនេះលើគ្រប់វិស័យ។
ការលើកឡើងរបស់ប្រមុខការទូតទាំងពីរនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី៩ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ ឆ្លៀតក្នុងឱកាសនេះ លោក វ៉ាង យី ក៏បានអបអរសាទរចំពោះកម្ពុជា ដែលបានចាប់ផ្តើមការសាងសង់ព្រែកជីកហ្វូណនតេជោ និងបានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសចិនសម្រាប់គម្រោងនេះផងដែរ។
សូមជម្រាបថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៩ ដែលរៀបចំឡើងនៅប្រទេសថៃ នឹងពិនិត្យឡើងវិញវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាពេលកន្លងមក ព្រមទាំងការកំណត់ទិសដៅអនាគតក្នុងវិស័យអាទិភាពមួយចំនួន ដោយផ្តោតសំខាន់លើប្រជាជន វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់គ្រងធនធានទឹក និងវិស័យផ្សេងៗទៀត៕