កូរ៉េជើង៖ ប្រទេសកូរ៉េខាងជើងនឹងបើកទីក្រុង Samjiyon ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍ចូលរួមទស្សនាបានក្រោយពីបានផ្អាកទទួលភ្ញៀវទេសចរណ៍អស់រយៈពេលជាង ៥ឆ្នាំ។ប្រតិបត្តិករដែលមានមូលដ្ឋាននៅប្រទេសចិនចំនួនពីរបានប្រកាសថាភ្ញៀវទេសចរនឹងត្រូវបានអនុញ្ញាតឱ្យទៅទស្សនាទីក្រុង Samjiyon ភាគខាងជើងភ្នំនៃប្រទេសកូរ៉េខាងជើងឡើងវិញឆាប់ពីខែធ្នូ។
ក្រុមហ៊ុនទេសចរណ៍ Koryo ប្រចាំក្រុងប៉េកាំងបានអះអាងថាអ្នកទេសចរអាចធ្វើដំណើរកម្សាន្តទៅលេងតំបន់ផ្សេងទៀតនៃប្រទេសកូរ៉េខាងជើងក្នុងខែធ្នូឆ្នាំ ២០២៤។ Koryo Tours បានប្រាប់ BBC ថាអាជ្ញាធរកូរ៉េខាងជើងបានអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីបណ្តាលប្រទេសទាំងអស់មួយចូលរួមក្នុងការធ្វើដំណើរទៅប្រទេសកូរ៉េខាងជើង លើកលែងតែកូរ៉េខាងត្បូងនោះទេមិនត្រូវបានអនុញ្ញាតឲ្យចូលទស្សនា។
ក្រុង Samjiyon បាននិងកំពុងដំណើរការការអភិវឌ្ឍន៍ឡើងវិញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយលោក គីម ជុងអ៊ុន បានបង្ហាញផែនការក្នុងខែកក្កដា ដើម្បីសាងសង់ព្រលានយន្តហោះរបស់ខ្លួនឡើងវិញ បំប្លែងមូលដ្ឋានយោធាទៅជារមណីយដ្ឋាន និងសាងសង់ផ្លូវរថភ្លើង និងសណ្ឋាគារថ្មីសម្រាប់ភ្ញៀវទេសចរបរទេស។
គួរបញ្ជាក់ថាចាប់តាំងពីមានការបិទព្រំដែនក៏បានកាត់ផ្តាច់ការនាំចូលទំនិញសំខាន់ៗ ដែលនាំឱ្យមានការខ្វះខាតស្បៀងអាហារ ដោយធ្វើឲ្យប្រទេសកូរ៉េខាងជើងប្រឈមមុខជាមួយបញ្ហាជាច្រើនដោយទណ្ឌកម្មអន្តរជាតិផង ដែលការដាក់ទណ្ឌកម្មអន្តរជាតិកើតឡើងដោយសារតែកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង៕