ថៃ៖ បរិបទនយោបាយថៃបានក្លាយជារឿងចម្រូងចម្រាស់ជាថ្មីម្តងទៀតបន្ទាប់ពីលោកស្រេថា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញថៃកាលពីល្ងាចថ្ងៃពុធបានសម្រេចដកតំណែងជានាយករដ្ឋមន្រ្តីរបស់លោកចេញ ក្រោយពីតុលាការបានរកឃើញថាលោកស្រេថាបានបំពានច្បាប់នៃរដ្ឋធម្មនុញ្ញថៃតែងតាំងគណរដ្ឋមន្រ្តីដែលធ្លាប់ជាប់គុក និងពាក់ព័ន្ធអំពើពុករលួយ។ក្នុងរយៈពេល១៦ឆ្នាំចុងក្រោយនេះ លោក ស្រេថា គឺជាមេដឹកនាំថៃទី៤ហើយដែលត្រូវបានតុលាការធម្មនុញ្ញចេញសេចក្ដីសម្រេចដកចេញពីដំណែង។
ក្រោយពីដកតំណែងលោកស្រេថា តើនរណានិងមកជំនួសតំណែងរូបលោក?
បច្ចុប្បន្ននេះបុគ្គលដែលមានអំណាចដែលត្រូវបានគេមើលឃើញថាអាចនឹងមកជំនួសលោកស្រេថាបានមានរូបលោក Phumtham Wechayachai ខុទ្ទកាល័យថៃនឹងទទួលតួនាទីចាំផ្ទះជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧបនាយករដ្ឋមន្ត្រីដែលលោកនិងក្លាយជានាយករដ្ឋមន្ត្រីស្តីទី។ ក្រៅពីលោក Phumtham Wechayachai កូនស្រីដ៏មានឥទ្ធិពលរបស់លោកថាក់ស៊ីនគឺលោកស្រី Paetongtarn Shinawatra វ័យ ៣៧ឆ្នាំ អាចនឹងប្រជែងយកតំណែងជានាយករដ្ឋមន្រ្តីថៃថ្មីប្រសិនបើការបោះឆ្នោតពីសភាឃើញមានសម្លេងគាំទ្រលោកស្រីច្រើន។ លោកស្រីអាចនឹងក្លាយជាត្រកូលស៊ីណាវ៉ាត្រាទី ៣ដែលកាន់តំណែងកំពូលជានាយករដ្ឋមន្រ្តីថៃ ប្រសិនបើត្រូវបានជ្រើសរើសដោយសភា។
បេក្ខជនម្នាក់ទៀតដែលអាចនឹងដណ្តើមជ័យលាភីនាយករដ្ឋមន្រ្តីថៃថ្មីគឺ Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រី ដែលបានបន្សល់ស្នាដៃជាច្រើនសម្រាប់ប្រទេសថៃ។ ក៏ប៉ុន្តែវត្តមានលោក Anutin Charnvirakul ចូលរួមប្រជែងយកកៅអីនាយករដ្ឋមន្រ្តីអាចនិងមានឪកាសឈ្នះតិចតួចបំផុត។ ក្រៅពីរូបលោក Anutin Charnvirakul ក៏មានម្នាក់ទៀតដែលអាចនិងប្រជែងយកជានាយករដ្ឋមន្រ្តីថ្មីនោះគឺ លោក Prawit Wongsuwan ដែលជាអតីតមេទ័ពដ៏មានឥទ្ធិពលម្នាក់ដែលដឹកនាំគណបក្ស Palang Pracharat ដែលជាគណបក្សអភិរក្សនិយម និងយោធា។ លោកក៏ជាអ្នកបង្កើតកិច្ចព្រមព្រៀងនយោបាយដ៏ល្បីឈ្មោះមួយរូប ហើយក៏ធ្លាប់ជាប់ពាក់ព័ន្ធក្នុងរដ្ឋប្រហារពីរលើកចុងក្រោយប្រឆាំងនឹងរដ្ឋាភិបាលស៊ីណាវ៉ាត្រាផងដែរ។
ក្រោយដកតំណែងលោកស្រេថា ថាវីស៊ីសភាថៃបានប្រកាសនឹងធ្វើការបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីថៃថ្មីនាថ្ងៃស្អែកនេះ។ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនម្នាក់ត្រូវការការគាំទ្រពីសមាជិកសភាជាន់ទាបជាងពាក់កណ្តាលនៃសមាជិកសភាចំនួន ៤៩៣ នាក់ ឬ ២៤៧ សំឡេង៕