បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នារសៀលថ្ងៃពុធ ទី១៤ ខែសីហា បានសម្រេចដកតំណែងលោកស្រេថា ថាវីស៊ីន ដែលជានាយករដ្ឋមន្រ្តីចេញពីតំណែង ពីបទរំលោភរដ្ឋធម្មនុញ្ញ ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រីដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយនឹងការប្រព្រឹត្តអំពើពុករលួយសូកប៉ាន់។ ការសម្រេចចិត្តរបស់តុលាការថៃនេះធ្វើឡើងក្រោយពីរងពាក្យបណ្តឹងពីសមាជិកសភាថៃបានប្តឹងលោកស្រេថា ពីបទតែងតែតាំងមន្រ្តីដោយចិត្តឯងមិនឆ្លងតាមច្បាប់ និងមាត្រានៃប្រទេសថៃ សេចក្តីសម្រេចថ្ងៃនេះកើតឡើងក្រោយពីតុលាការថៃបើកការស៊ើបអង្កេតអស់ជាច្រើនខែ។
លោកស្រេថា ថាវីស៊ីន បានបដិសេធការប្រព្រឹត្តខុសក្នុងការតែងតាំងលោក Pichit Chuenban អតីតមេធាវីរបស់ខុទ្ទកាល័យលោក ថាកស៊ីន ដែលរូបលោកត្រូវបានគេដាក់ពន្ធនាគារមួយរយៈខ្លីពីបទមើលងាយតុលាការក្នុងឆ្នាំ ២០០៨ ជុំវិញការប៉ុនប៉ងសូកប៉ាន់មន្រ្តីតុលាការ។ លោក Pichit Chuenban ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ ដោយលោកបានលាលែងពីគណៈរដ្ឋមន្ត្រីក្នុងគោលបំណងជួយសង្គ្រោះលោកស្រេថា ប៉ុន្តែតុលាការបានបន្តសំណុំរឿងនេះ។
គួរបញ្ជាក់ថាការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃនេះកើតឡើងប៉ុន្មានថ្ងៃខាងមុខទៀតតែប៉ុណ្ណោះជាគម្រប់ខួបមួយឆ្នាំរបស់លោកស្រេថា ក្នុងនាមជានាយករដ្ឋមន្រ្តីថៃថ្មី៕