រុស្ស៊ី៖ កងកម្លាំងរបស់រុស្ស៊ីនាថ្ងៃពុធនេះបានប្រកាសថាខ្លួនបានទប់ស្កាត់សកម្មភាពវាយចូលក្រុងរបស់កងទ័ពអ៊ុយក្រែននៅក្នុងតំបន់ Kursk ដោយរុស្ស៊ីបានវាយបកទៅកាន់យោធាអ៊ុយក្រែន ព្រមទាំងកម្ទេចសម្ភារៈយោធាអ៊ុយក្រែនអស់ជាច្រើនផងដែរ។ ចំណែកកងកម្លាំងអ៊ុយក្រែនបានអះអាងថាខ្លួនបានគ្រប់គ្រងទឹកដីមួយចំនួនទៀតនៃតំបន់ Kursk ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយមកនេះ។
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃដែលចេញផ្សាយនាថ្ងៃពុធនេះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចាក់ថា កងទ័ពរុស្ស៊ីបានវាយប្រហារទាហានអ៊ុយក្រែន និងបានកម្ទេចកងកម្លាំងនិងឧបករណ៍យោធារបស់ទាហានអ៊ុយក្រែនអស់ជាច្រើនប្រភេទ ក្នុងនោះកងកម្លាំងរុស្ស៊ីក៏បានវាយបកដេញទាហានអ៊ុយក្រែនឲ្យចេញពីតំបន់ Kursk ផងដែរ ។
រុស្ស៊ីបានបញ្ចាក់ទៀតថារហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែនបានរងគ្រោះជាង ២,០០០នាក់ បាត់បង់រថក្រោះចំនួន ៣៥គ្រឿង រថពាសដែកចំនួន ៣១គ្រឿង រថយន្តចំនួន ៧៨គ្រឿង ខូចខាតប្រព័ន្ធមីស៊ីលការពារដែនអាកាសចំនួន ៤គ្រឿង គ្រាប់រ៉ុក្កែតចំនួន ២គ្រឿង និងកាំភ្លើងធំចំនួន ១៤ដើមត្រូវបានរុស្ស៊ីបំផ្លាញនិងកម្ទេចចោល។
របាយការណ៍ក្រសួងការពារជាតិរុស្ស៊ីដដែលក៏បានបញ្ជាក់យ៉ាងខ្លីអំពីប្រតិបត្តិការក្នុងទិសដៅផ្សេងទៀត ដោយកងទ័ពរុស្ស៊ីបានបំផ្លាញយន្តហោះចម្បាំង Su-27 និងបានវាយប្រហារប្រព័ន្ធមីស៊ីលការពារដែនអាកាសចំនួន ៣ របស់កងទ័ពអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ហើយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៥២ គ្រឿង។
អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បានអះអាងក្នុងបណ្តាញសង្គម Telegram របស់លោកថាមាន មនុស្សប្រហែល ១១,០០០ នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Belgorod ។ក្នុងចំណោមអ្នកជម្លៀសនោះ មានប្រមាណ ១.០០០នាក់កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលស្នាក់នៅបណ្ដោះអាសន្ន។
ជាការឆ្លើយតបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអង្គារថា ការវាយលុករបស់កងកម្លាំងយោធាអ៊ុយក្រែននៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ីបានកំពុងបន្តដោយជោគជ័យ។ Zelensky បន្តថាថាអ៊ុយក្រែនបានគ្រប់គ្រងលើការតាំងទីលំនៅចំនួន ៧៤ នៅក្នុងតំបន់ Kursk ដោយពេលនេះកងកម្លាំងអ៊ុយក្រែនកំពុងបន្តសម្រុកទៅខាងមុខទៀតដោយប្រុងប្រយ័ត្នជាទីបំផុត។
គួរបញ្ជាក់ថាចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះនៅចុងខែ កុម្ភៈ ថ្ងៃទី ២៤ ២០២២ មកនេះជាលើកទីមួយនៃជោគជ័យរបស់កងទ័ពអ៊ុយក្រែនជាខ្លាំងដែលបានវាយលុកចូលដល់ក្នុងដែនដីរុស្ស៊ីប្រមាណជាង ១០០០គីឡូ ដែលការវាយចូលនេះបានបង្ហាញពីភាពទន់ខ្សោយនៃទាហានរុស្ស៊ីដែលកំពុងតែយាមតាមព្រំដែននៃតំបន់ Kursk៕