ភ្នំពេញ៖កងទ័ពអាកាសអាម៉េរិក នៅក្នុងកងឆ្មាំជាតិ Montana បានបញ្ជូនយន្តហោះប្រភេទ C-130H ចំនួន ២គ្រឿង មកចុះចត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើការបង្ហាញដល់នាយទាហាននៃកងទ័ពជើងអាកាសកម្ពុជា ក្នុងការទស្សនាដោយផ្ទាល់។ទស្សនកិច្ចនេះ គឺជានិមិត្តរូបនៃការបន្តប្តេជ្ញាចិត្ត ចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។
យោងតាមស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានបង្ហាញរូបភាពយន្តហោះយោធាធំៗចំនួន២ ដែលរូបភាពទី១ គឺជាការថតជុំគ្នារវាងកងទ័ពអាកាសអាម៉េរិក និង កងទ័ពអាកាសកម្ពុជាអមដោយយន្តហោះយោធាដ៏ធំនៅខាងក្រោយ។ រីឯរូបភាពទី២ បង្ហាញពីការទស្សនា និងការពិភាក្សាគ្នារវាងកងទ័ពអាកាសប្រទេសទាំងពីរ នៅក្នុងបន្ទប់បើកបររបស់យន្តហោះដឹកជញ្ជូនកងទ័ពដ៏ធំនេះ។
ស្ថានទូតអាម៉េរិក បានគូសបញ្ជាក់ថា ឆ្មាំជាតិជើងអាកាសក្នុងរដ្ឋ Montana បានបញ្ជូនយន្តហោះប្រភេទ C-130H ចំនួន ២គ្រឿង មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា ដើម្បីធ្វើការបង្ហាញដល់នាយទាហាននៃកងទ័ពជើងអាកាសកម្ពុជា ក្នុងការទស្សនាដោយផ្ទាល់។សម្រាប់ទូតអាម៉េរិក ទស្សនកិច្ចនេះ គឺជានិមិត្តរូបនៃការបន្តប្តេជ្ញាចិត្ត ចំពោះទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា ហើយជាជំហានទៅមុខមួយ ក្នុងការពង្រឹងចំណងទាក់ទងគ្នា ដូចដែលរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាម៉េរិក ឡយ អូស្ទីន ធ្លាប់បានគូសបញ្ជាក់ នៅក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅកម្ពុជាកាលពីខែមិថុនាកន្លងមកទៅ។
ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន កាលពីខែមិថុនា ឆ្នាំ២០២៤ កម្ពុជា និង អាម៉េរិកបានប្រកាសរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយគ្នាឡើងវិញ តាមរយៈការដោះដូរ ទស្សនកិច្ច សហប្រតិបត្តិការរក្សាសន្តិភាព និង តាមរយៈការបញ្ជូនសិក្ខាកាមកម្ពុជាឲ្យទៅសិក្សាជំនាញជើងគោក ជើងទឹក និង ជើងអាកាសនៅអាម៉េរិក។ជាការប្រកាសនេះ ធ្វើឡើងក្រោយពីនៅរយៈពេលចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរបានធ្លាក់ចុះ៕