កំពត៖ វគ្គបណ្តុះបណ្តាល «កម្មវិធីលើកកម្ពស់ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពតាមរយៈការអប់រំបង្កើតហ្គេម (Game Changers Coalition)» ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការគាំទ្រថវិកា ដោយអង្គការយូនីសេហ្វ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែសីហា ឆ្នាំ២០២៤ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត និងមានគ្រូបង្គោលចំនួន២៥រូប ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់គ្រូបង្គោលតាមសាលារៀនគោលដៅអនុវត្តមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន ក្នុងគោលបំណងផ្ដល់នូវចំណេះដឹងទាក់ទងជាមួយការបង្កើតកម្មវិធីហ្គេមក្នុងវិស័យអប់រំ ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ បន្តផ្ដល់ចំណេះដឹងការប្រើប្រាស់បច្ចេកវិទ្យាបង្កើតហ្គេមដល់សិស្សានុសិស្ស ជំនួយដល់ការសិក្សាតាមរយៈការរៀបចំក្លឹបសិក្សា ICT នៅតាមសាលារៀនគោលដៅឱ្យមានប្រសិទ្ធភាពខ្ពស់ និងបង្កើតឱកាសឱ្យសិស្សានុសិស្ស ទទួលបានការបណ្ដុះបណ្ដាលចំណេះដឹង បទពិសោធន៍ ការសិក្សាផ្អែកលើគម្រោង ទាក់ទងនឹងបចេ្ចកវិទ្យា និងសហគ្រិនភាព ដើម្បីដោះស្រាយបញ្ហានៅក្នុងសហគមន៍ ដែលជាផ្នែកមួយនៃមុខវិជ្ជាបំណិនជីវិតមូលដ្ឋាន៕