ក្រិក៖ អាជ្ញាធរក្រិកបានបញ្ជាឱ្យជម្លៀសអ្នកស្រុកជាង ៣០,០០០ នាក់នៅក្នុងទីក្រុងប្រវត្តិសាស្ត្រ ម៉ារ៉ាតុង ក្នុងតំបន់ Attica ភាគឦសានកាលពីថ្ងៃអាទិត្យ ដោយសារតែភ្លើងឆេះព្រៃដែលកំពុងតែរំកិលឆេះយ៉ាងលឿននៅខាងក្រៅទីក្រុង Athens ដែលបង្កដោយអាកាសធាតុក្តៅ និងខ្យល់បក់ខ្លាំង។អ្នកស្រុកម៉ារ៉ាតុងត្រូវបានអាជ្ញាធរស្នើសុំឱ្យផ្លាស់ទីឆ្ពោះទៅតំបន់ Nea Makri បណ្តោះអាសន្នរងចាំការប្រកាសដំណឹងបន្ថែមពីរដ្ឋាភិបាល។
អគ្គីភ័យបានឆាបឆេះនាម៉ោង៣ល្ងាច កាលពីថ្ងៃអាទិត្យនៅទីក្រុង Varnavas ចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រពីទីក្រុង Athens ។ ភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស បង្កឡើងដោយអាកាសធាតុក្តៅ និងខ្យល់បក់ ហើយផ្សែងដ៏ក្រាស់ចេញពីភ្លើងបានគ្របដណ្តប់នៃទីក្រុងអាថែន។ យោងតាមអ្នកឧតុនិយមក្រិកបានឱ្យដឹងថា ផ្សែងបានហុយឡើងដល់ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីទីក្រុង Varnavas។
អ្នកនាំពាក្យកងពន្លត់អគ្គីភ័យលោក Vassilis Vathrakogiannis បានអះអាងថាអ្នកពន្លត់អគ្គីភ័យប្រហែល ៤០០ នាក់ និងយន្តហោះពន្លត់អគ្គីភ័យ ២៩ គ្រឿង និងឧទ្ធម្ភាគចក្រនិងកងទាហានជាច្រើននាក់បាននិងកំពុងធ្វើការដើម្បីទប់ស្កាត់ និងពន្លត់ភ្លើងដែលកំពុងឆេះ ដោយសារកម្តៅក្តៅខ្លាំង និងមានខ្យល់បក់ខ្លាំងបានបង្កការរំខានជាខ្លាំងដល់ក្រុមការងារពន្លត់អគ្គីភ័យនៅតំបន់ដែលកំពុងតែឆាបឆេះ៕