សៀមរាប៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ១២ សីហានេះ បានបើកកិច្ចប្រជុំរួមគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ និង ប្រជាពលរដ្ឋ ដើម្បីជំរុញឱ្យមានការឯកភាពរួម ក្នុងការការពារ ថែទាំ និង អភិរក្ស«រមណីយដ្ឋានបេតិកភណ្ឌអង្គរ»ដែលជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។
"យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ និង គ្រប់ជ្រុងជ្រោយ ទាំងការងារអភិរក្ស និង ការគ្រប់គ្រងប្រជាសាស្ត្រ តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលជាមរតកវប្បធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិកម្ពុជាទាំងមូល ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយរបស់យើងគ្រប់ជំនាន់។"នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍បន្ថែមថា នេះជាកិច្ចប្រជុំលើកទី១ និងមានកិច្ចប្រជុំបន្តបន្ទាប់ទៀត ដើម្បីមានការឯកភាពរួម១ ក្នុងការការពារ ថែទាំ និងអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ដែលជាមរតកវប្បធម៌ ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិកម្ពុជាទាំងមូល ជាពិសេសអំពីសមិទ្ធផលជាប្រវត្តិសាស្ត្រ បញ្ហាប្រឈម និងចក្ខុវិស័យអនាគត នៃឧទ្យានបុរាណអង្គរ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ជុំវិញការអភិរក្ស និងការអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ ប្រាង្គប្រាសាទ ដែលចាត់ទុកជាភូមិបេតិកភណ្ឌ មានការទាក់ទងនឹងការរក្សាប្រពៃណីទំនៀមទំលាប់អង្គរដែលជាតម្លៃសកលត្រូវបានថែរក្សានិងការពារយ៉ាងមុតមាំ។សម្រាប់លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ ការងារអភិរក្សនៅរយៈពេលចុងក្រោយនេះ បានបង្កើតឱ្យមានធនធានមនុស្ស និង ស្រោចស្រង់ប្រាង្គប្រាសាទដូនតាជាច្រើន និង មានការចូលរួមពី អាយស៊ីស៊ីអង្គរ ដែលមានបារាំង និងជប៉ុន ជាសហប្រធាន និងយូនីស្កូជាលេខាធិការដ្ឋាន ព្រមទាំងមានការចូលរួមពីប្រទេសជាសមាជិកចំនួន ៣៧ប្រទេស។
ចំណែក លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់បន្ថែមពីគោលដៅគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកអង្គរ ឱ្យបានគង់វង្សយូរអង្វែងតកូនចៅ តាមរយៈការគ្រប់គ្រងរដ្ឋបាលសាធារណៈទំនើប និងប្រជាសាស្រ្តនៅក្នុងខេត្ត។ រាជរដ្ឋាភិបាលបានផ្តួចផ្តើមគំនិតនូវផែនការរៀបចំដែនដី ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ដោយគិតគូរពីការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច កិច្ចការពារបរិស្ថាន និងការការពារសម្បត្តិបេតិកភណ្ឌ ជាអាទិ៍ តាមរយៈការរៀបចំបង្កើតនូវក្រុងរុនតាឯកតេជោសែន តំបន់អភិវឌ្ឍន៍ពាក់ស្នែង និងការអភិវឌ្ឍតំបន់នានាជុំវិញតំបន់រមណីដ្ឋានអង្គរជាបន្តបន្ទាប់ សំដៅលើកកម្ពស់ជីវភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប៕