មូស្គូ៖ ប្រទេសរុស្ស៊ីនៅថ្ងៃច័ន្ទ ១២សីហានេះបានជម្លៀសពលរដ្ឋរបស់ខ្លួនដែលកំពុងតែរស់នៅក្នុងតំបន់ Kursk បន្ទាប់ពីអ៊ុយក្រែនបើកការវាយប្រហារប្រមាណមួយសប្តាហ៍និងពង្រីកកងកម្លាំងយោធារបស់ខ្លួនបាន ៣០គីឡូម៉ែត្រ។ កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារជាថ្មីនៅតាមព្រំដែនរុស្ស៊ីកាលពីសប្តាហ៍មុន ហើយបានវាយលុកពាសពេញតំបន់ខាងលិចមួយចំនួននៃតំបន់ Kursk របស់រុស្ស៊ី ដែលជាការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយមិនធ្លាប់មានពីមុនមក។
អភិបាលតំបន់ Kursk លោក Vyacheslav Gladkov បាននិយាយថា ការជម្លៀសបានចាប់ផ្តើមចេញពីស្រុក Krasnaya Yaruga ដោយសារតែសកម្មភាពរបស់កងទាហានអ៊ុយក្រែនបានធ្វើការគំរាមគំហែងដល់ពលរដ្ឋរុស្ស៊ីក្នុងតំបន់ Kursk ជាខ្លាំង។ លោក Gladkov បានបន្តថាទាហានរុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទប់ទល់នឹងការគំរាមកំហែងដែលបានកើតឡើង ។
ប្រទេសរុស្ស៊ីបានបញ្ជូនទាហានជាច្រើនទៅតំបន់ Kursk, Bryansk និង Belgorod ខណៈដែលសម្ព័ន្ធមិត្តរុស្ស៊ី បេឡារុស្ស បាននិយាយថា ខ្លួនកំពុងបង្កើនចំនួនកងទ័ពរបស់ខ្លួននៅតាមព្រំដែនរបស់ខ្លួន បន្ទាប់ពីទីក្រុង បេឡារុស្ស បានអះអាងថាអ៊ុយក្រែនបានរំលោភលើដែនអាកាសរបស់ខ្លួនជាមួយនឹងយន្តហោះគ្មានមនុស្សបើក៕