Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកនាំពាក្យក្រសួងសាធារណការកម្ពុជាឆ្លើយតប«៣ចំណុច»ទៅសារព័ត៌មានវៀតណាមរឿងព្រែកជីក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ឆ្លើយតបជាមួយសារព័ត៌មានវៀតណាមដកស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់វៀតណាម មានសុទិដ្ឋនិយមចំពោះគម្រោងផ្លូវនាវាចរ«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា។មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការកម្ពុជា បានឆ្លើយតប«៣ចំណុច» និង បានប្រាប់វៀតណាមវិញថា ម្រោងនេះជាគម្រោងដែលមានប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់ ហើយមិនបង្ករឱ្យមានផលប៉ះពាល់អវីជ្ជមានលើរំហូរទឹក ប្រព័ន្ធអេកូឡូស៊ី និង បរិស្ថាន ក្នុងអាងទន្លេមេគង្គនោះឡើយ។

សារព័ត៌មានក្រៅស្រុកនិយាយភាសាខ្មែរបានចុះផ្សាយជាហូរហែថា «វៀតណាមគាំទ្រគម្រោងរបស់កម្ពុជា ក្នុងការជីកព្រែកហ្វូណនតេជោ ពីតំបន់អាងទន្លេមេគង្គទៅកាន់ឆ្នេរសមុទ្រកម្ពុជា ហើយប្រាថ្នាចង់ចូលរួមស្វែងរកដំណោះស្រាយ ចំពោះផលប៉ះពាល់អវិជ្ជមានដែលអាចមានពីព្រែកជីកនេះ…»។

លោក ផន រីម មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការកម្ពុជា បានផ្តល់ទស្សនទានចំនួន៣ចំណុចទៅកាន់មន្ត្រី និង សារព័ត៌មានវៀតណាម ពាក់ព័ន្ធការ«ជីកព្រែកហ្វូណនតេជោ»។សម្រាប់អ្នកនាំពាក្យរូបនេះ យល់ថា សំណើរបស់វៀតណាមនេះ គឺជាការចាប់អារម្មណ៍របស់ប្រទេសដែលជាសមាជិក១ នៃគណៈកម្មការទន្លេមេគង្គ និង សូមថ្លែងអំណរដល់ប្រទេសវៀតណាម ដែលគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ។

បើតាមលោក ផន រីម កម្ពុជាប្តេជ្ញាចិត្តខ្ពស់អនុវត្តតួនាទីរបស់ខ្លួន ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ ហើយកម្ពុជាបានយកគោលការណ៍ កិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ជាអាទិភាពគន្លឹះ។ចំពោះ ការអនុវត្តទៅតាមសំណើផ្សេងៗនៃប្រទេសដែលជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ នឹងត្រូវអនុឡោមទៅតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីពាក់ព័ន្ធនានាដែលនៅមានជាធរមាន។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនយ៉ាងអធិកអធមក្រោមក្តីរំពឹងថា ព្រែកជីកនេះជាសរសៃឈាម និង ជាដង្ហើមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។ គម្រោងព្រែកជីកហ្វូណនដែលមានតម្លៃសាងសង់សរុបចំនួន ១,៧ ពាន់លានដុល្លារ មានប្រភពថវិកាវិនិយោគរបស់ក្រុមហ៊ុនខ្មែរ១០០ភាគរយសម្រាប់កំណាត់ទី១ ក្នុងចម្ងាយ ២១គីឡូម៉ែត្រ។ ចំណែកកំណាត់ទី២ដែលមានចម្ងាយដល់ទៅ ១៥៩គីឡូម៉ែត្រនឹងមានក្រុមហ៊ុនខ្មែរវិនិយោគចំនួន ៥១ភាគរយ និងក្រុមហ៊ុនសាវជីវកម្មស្ពាន និងថ្នល់ចិន CRBC ចំនួន ៤៩ភាគរយ។

អ្នកពាក្យរងក្រសួងការបរទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាមចង់សម្របសម្រួលជាមួយកម្ពុជាលើការវាយតម្លៃអំពីផលប៉ះពាល់នៃគម្រោងព្រែកជីកហ្វូណនតេជោ នៅក្នុងតំបន់។ អ្នកនាំពាក្យរងក្រសួងការបរទេសរូបនេះ បាននិយាយទៀតថា ទន្លេមេគង្គជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន និង ជាចំណុចតភ្ជាប់នៃចំណងសាមគ្គីភាព និង មិត្តភាពពិសេសរវាងវៀតណាម ឡាវ និងកម្ពុជា។

លោក ផន រីម គម្រោងព្រែកជីកហ្វូណនតេជោ កម្ពុជាបានធ្វើការសិក្សាលម្អិត និងគ្រប់ជ្រុងជ្រោយ ហើយលទ្ធផលបានបង្ហាញថា គម្រោងនេះជាគម្រោងដែលមានប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់ ហើយមិនបង្ករឱ្យមានផលប៉ះពាល់អវីជ្ជមានលើរំហូរទឹក ប្រព័ន្ធអេកូឡូស៊ី និង បរិស្ថាន ក្នុងអាងទន្លេមេគង្គនោះឡើយ៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង