ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី ៩ សីហាម្សិលមិញ បានរៀបចំកិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមអធិបតីភាពរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង លោក វ៉ាង វិនពីន (Wang Wenbin) អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ជាវេទិកាដែលជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំ។
លោក វ៉ាង វិនពីន បានថ្លែងចាត់ទុកវេទិកានេះ បានចែករំលែក និង ជជែកពិភាក្សាជាមួយអ្នកទាំងអស់គ្នានូវ អត្ថន័យស្មារតី ក៏ដូចជាការបំផុសគំនិតសម្រាប់ថ្នាក់ដឹកនាំកម្ពុជា និង ចិន ដែលកើតចេញពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០។សម្រាប់លោក វ៉ាង វិនពីន កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០ មានការប្ដេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់និងអភិវឌ្ឍទៅមុខ បានមើលឃើញពីប្រទេសចិនដែលបន្តពង្រីកនវានុវត្តន៍ និង កាន់តែប្រកបដោយថាមពល បានមើលឃើញពីប្រទេសចិនដែលប្រកាន់ខ្ជាប់ការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព និង តែងតែបើកទូលាយប្រកបដោយបរិយាបន្ន។
បើតាមទូតថ្មីចិនរូបនេះ ប្រទេសចិន ស្ម័គ្រចិត្តផ្លាស់ប្ដូរបទពិសោធន៍អភិបាលកិច្ចជាតិជាមួយភាគីកម្ពុជា ចែករំលែកផលប្រយោជន៍បានមកពីការអភិវឌ្ឍន៍ជាមួយភាគីកម្ពុជា ដើម្បីចាប់ដៃគ្នាសម្រេចគោលដៅទំនើបកម្មរៀងៗខ្លួន រួមគ្នាជាមួយភាគីកម្ពុជាបន្តធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើម ”ខ្សែក្រវាត់ និង ផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជា ដើម្បីបង្កើនជីវភាពរបស់ប្រជាជាតិនៃប្រទេសទាំងពីរ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងចិនដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរ តែងពូនជ្រុំរក្សាទំនាក់ទំនងឱ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចសន្ទនានាពេលនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា ចិន ឱ្យកាន់តែរឹងមាំទ្វេឡើង។
ក្រៅពីនេះ អ្នកជំនាញជាច្រើនទៀតមាន បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោក សយ សុភាព ប្រធានសមាគមអ្នកកាសែតកម្ពុជា-ចិន កញ្ញា Yao Shiya អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិនក៏បានធ្វើបទបង្ហាញអំពីការស្វែងយល់ រៀងៗខ្លួន ចំពោះការកែទម្រង់នៃប្រទេសចិននិងកាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន៕