ប្រេស៊ីល៖ យន្តហោះដឹកអ្នកដំណើរ៥៧នាក់ និងសមាជិកនាវិក៤នាក់ បានធ្លាក់កាលពីល្ងាចថ្ងៃសុក្រ ក្នុងរដ្ឋ Sao Paulo របស់ប្រទេសប្រេស៊ីល ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។យន្តហោះ ATR 72-500 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Voepass កំពុងធ្វើដំណើរពីទីក្រុង Cascavel ភាគខាងត្បូងរដ្ឋ Parana ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Guarulhos ក្រោយមកក៏ដាំក្បាលចុះមកខាងក្រោមផ្ទុះផ្តាច់ជីវិតអ្នកដំណើរទាំង ៥៧នាក់ និងនាវិក៤នាក់។
រូបភាពដែលផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញយន្តហោះដ៏ធំមួយកំពុងវិលដាំក្បាលចុះក្រោម ក្រោយមកភ្លាមក៏មានសម្លេងផ្ទុះនិងផ្សែងខ្មៅខ្មួខ្មាញ់នៅតំបន់ដែលបានធ្លាក់។រដ្ឋាភិបាលទីក្រុងនៅទីក្រុង Valinhos ដែលចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ និងសង្គ្រោះនៅតំបន់ Vinhedo បានអះអាងថាគិតមកដល់ពេលនេះមិនមានអ្នកដែលរស់រានមានជីវិតទេ។
អាជ្ញាធរកំពុងចាប់ផ្តើមស្វែងរកសាកសពជនរងគ្រោះដើម្បីកំណត់អត្តសញ្ញាណុំ ក្រុមហ៊ុន Voepass ឲ្យដឹងទៀតថា ខ្លួនកំពុងសហការជាមួយអាជ្ញាធរដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ។ រដ្ឋាភិបាលនៃប្រទេសប្រេស៊ីបានប្រកាសកាន់ទុករយៈពេល៣ថ្ងៃនៃសោកនាដកម្មដ៏រន្ធត់មួយនេះ៕