ភ្នំពេញ៖ កម្ពុជា នឹងចូលរួមពិព័រណ៍ចិន-អាស៊ាន ចាប់ពីថ្ងៃទី២៤-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈបណ្ឌលសន្និសិទ និងពិព័រណ៍អន្តរជាតិគួយលីន ទីក្រុងគួយលីន តំបន់ស្វាយយ័តគ័ងសុី ប្រទេសចិន «ក្រោមប្រធានបទ សមាហរណកម្មសុីជម្រៅនៃវប្បធម៌ និងទេសចរណ៍ រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ»។
យោងតាមក្រសួងទេសចរណ៍ បានឲ្យដឹងថា ការចូលរួមក្នុងពិព័រណ៍ទេសចរណ៍នេះ មានគោលបំណងផ្សព្វផ្សាយអំពីសក្ដានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា ចិន និងអាស៊ាន ព្រមទាំងបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាស្របតាមស្មារតីអាស៊ាន និងគំនិតផ្ដួចផ្ដើមយុទ្ធសាស្រ្ត «បង្កើត៥ អភិវឌ្ឈ៣» របស់ក្រសួងទេសចរណ៍ ព្រមទាំងចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤» ជាពិសេសដើម្បីបន្តជំរុញការអនុវត្ត «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» សំដៅទាក់ទាញទេសចរណ៍ និងវិយោគគិនចិន ព្រមទាំងទេសចរ និងវិនិយោគគិនចិនក្នុងតំបន់អាស៊ាន ឲ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងពិព័រណ៍នេះ នឹងមានការចូលរួមពីបណ្ដាលក្រុមហ៊ុននានាចំនួនជាង ៨០០ស្តង់ អ្នកទិញ៥០០នាក់ មកពីប្រទេសនៅក្នុងតំបន់អាស៊ាន និងអ្នកទស្សនាជាង៥០០០នាក់៕