Cctimesw1140xh150cm copy

អាម៉េរិករិះគន់ថៃដែល«រំលាយបក្សប្រឆាំង»តែថៃតបថា«ខ្លួនជារដ្ឋអធិបតេយ្យ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ថៃ៖ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី ៨ សីហា បានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភ ក្រោយរាជរដ្ឋាភិបាលប្រទេសថៃ ជាពិសេសតុលាការធម្មនុញ្ញថៃ សម្រេចរំលាយគណបក្សប្រឆាំង គឺគណបក្សឆ្ពោះទៅមុខរបស់លោក ភីថា ហើយអាម៉េរិកស្នើឱ្យថៃ ធានាឱ្យមានការចូលរួមផ្នែកនយោបាយពេញលេញ។តែការព្រួយបារម្ភនេះ ត្រូវបាននាយករដ្ឋមន្ត្រីថៃឆ្លើយតបវិញថា ប្រទេសថៃមានដំណើរប្រជាធិបតីផ្ទាស់ខ្លួន និង ជារដ្ឋអធិបតេយ្យ។

ភ្លាមៗក្រោយពីតុលាការធម្មនុញ្ញថៃ ចេញសាលក្រមរំលាយគណបក្ស Move Forward របស់​លោក ភិថា លីមចារើនរ៉ាត់ ដែលជាបក្សឈ្នះការបោះឆ្នោតឆ្នាំ២០២៣ និង ហាមមន្រ្តីបក្សជាច្រើននាក់ពីការធ្វើនយោបាយ១០ឆ្នាំ អាម៉េរិកបានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភ ហើយបានចាត់ទុកការសាលក្រមនេះប៉ះពាល់ដល់វឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃ ហើយដំណើរការផ្ទុយទៅនឹងសេចក្តីប្រាថ្នារបស់ប្រជាជនថៃ សម្រាប់អនាគតប្រជាធិបតេយ្យដ៏រឹងមាំ។

បើតាមអាម៉េរិក ថាខ្លួនមិនប្រកាន់ជំហរគាំទ្រគណបក្សនយោបាយណាមួយឡើយ ប៉ុន្តែក្នុងនាមជាសម្ព័ន្ធមិត្ត និង ជាមិត្តជិតស្និទ្ធ ជំរុញឱ្យប្រទេសថៃចាត់វិធានការ ដើម្បីធានាឱ្យមានការចូលរួមផ្នែកនយោបាយពេញលេញ និង ការពារលទ្ធិប្រជាធិបតេយ្យ និងសេរីភាពក្នុងការបង្កើតសមាគម និង ការបញ្ចេញមតិ។

ទាក់ទិននឹងកង្វល់ខាងលើ លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន បានបញ្ជាក់ថា ក្តីបារម្ភអាម៉េរិក មិនមានអ្វីសំខាន់មកលើថៃឡើយ ដោយសារថៃ ជារដ្ឋអធិបតេយ្យ។«ថៃមានដំណើរការប្រជាធិបតេយ្យផ្ទាល់ខ្លួន»។ សារព័ត៌មាន Thai Enquirer បានស្រង់សម្តីរបស់លោកសេដ្ឋាបែបនេះ ដោយចុះផ្សាយនៅថ្ងៃទី៨ ខែសីហា។ 

គួរបញ្ជាក់ថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅរសៀលថ្ងៃទី ៧ សីហានេះ បានចេញសាលក្រមរំលាយគណបក្ស Move Forward របស់​លោក ភិថា លីមចារើនរ៉ាត់ ដែលជាបក្សឈ្នះការបោះឆ្នោតឆ្នាំ២០២៣ និង ហាមមន្រ្តីបក្សជាច្រើននាក់ពីការធ្វើនយោបាយ១០ឆ្នាំ ជុំវិញការប៉ុនប៉ងកែច្បាប់ស្ដីពីការដាក់ទោសអ្នកប្រមាថស្ដេចថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង