សៀមរាប៖ សមាគមសិល្បករខ្មែរ នឹងរៀបចំព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» នៅខេត្តសៀមរាប ដើម្បីជំរុញផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាផងដែរ។ ពិធីនេះ នឹងរៀបចំចាប់ពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ នៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីដ្ឋានអង្គរ។
កម្មវិធីនេះ សមាគមនឹងរៀបចំនូវសកម្មភាពមួយចំនួន រួមមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាត តូចនៃមុខម្ហូបខ្មែរ បង្កើតស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ម្យ៉ាងទៀត ក្នុងព្រឹត្តិការណ៍នេះ នឹងបើកឱ្យមានអ្នកទស្សនាដោយសេរី។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤នេះ មានទេសចរបរទេសសរុបចំនួន ៥៨៤ ៣៧៥នាក់ បានចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ហើយគិតជាថវិកាស្មើនឹង ២៧ ១៧៧ ៤៣០ដុល្លារ ដែលចំនួននេះកើនឡើង ៣៣,៧៦% ធៀបនឹងឆ្នាំ២០២៣៕