ភ្នំពេញ៖ មន្ត្រីជំនាញព័ត៌មានស្ថានទូតរុស្សីប្រចាំនៅកម្ពុជា នៅថ្ងៃទី ៨ សីហានេះ បានប្រកាសជំហរគាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា ដែលបានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៥ សីហា ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ការប្រកាសរបស់ស្ថានទូតរុស្សី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ប្រចាំស្ថានទូតនៅថ្ងៃនេះ។
លោក Rafael Langareev មន្រ្តីព័ត៌មានស្ថានទូតរុស្សីនៅកម្ពុជា បានថ្លែងចាត់ទុក គម្រោងសាងសង់«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា វានឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា ហើយជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងនាមជាប្រទេសមានអធិបតេយ្យភាពពេញលេញ។
បើតាមមន្ត្រីស្ថានទូត រុស្សីគាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ និង មានជំនឿងជឿជាក់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងព្រែកជីកនេះ គឺដើម្បីបម្រើផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ហើយវាជាការប្រសើរដែលកម្ពុជាមានគម្រោងបែបនេះ។
លោក Rafael Langareev ថ្លែងថា "នេះគឺជាអធិបតេយ្យភាព និង ជាការស្រេចចិត្ត ក្នុងការសាងសង់ព្រែកជីកហ្វូណមតេជោរបស់កម្ពុជា រុស្សីតែងតែចាប់អារម្មណ៍នៃការរីកចម្រើនរបស់កម្ពុជា យើងរីករាយដែលបានឃើញ គម្រោងសាងសង់បែបនេះដាក់ដំណើរ និង អនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា។រុស្សីជឿជាក់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងគម្រោងព្រែកជីកនេះ គឺដើម្បីបម្រើផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ហើយវាជាការប្រសើរដែលកម្ពុជាមានគម្រោងបែបនេះ។"
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនយ៉ាងអធិកអធមក្រោមក្តីរំពឹងថា ព្រែកជីកនេះជាសរសៃឈាម និង ជាដង្ហើមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។ គម្រោងព្រែកជីកហ្វូណនដែលមានតម្លៃសាងសង់សរុបចំនួន ១,៧ ពាន់លានដុល្លារ មានប្រភពថវិកាវិនិយោគរបស់ក្រុមហ៊ុនខ្មែរ១០០ភាគរយសម្រាប់កំណាត់ទី១ ក្នុងចម្ងាយ ២១គីឡូម៉ែត្រ។ ចំណែកកំណាត់ទី២ដែលមានចម្ងាយដល់ទៅ ១៥៩គីឡូម៉ែត្រនឹងមានក្រុមហ៊ុនខ្មែរវិនិយោគចំនួន ៥១ភាគរយ និងក្រុមហ៊ុនសាវជីវកម្មស្ពាន និងថ្នល់ចិន CRBC ចំនួន ៤៩ភាគរយ៕