Cctimesw1140xh150cm copy

ស៊ីម៉ាក់ផ្ដល់ការហ្វឹកហ្វឺនប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីន ដល់មន្រ្តីជំនាញអ៊ុយក្រែន១៤រូប

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អង្គភាពស៊ីម៉ាក់ នឹងផ្ដល់ការហ្វឹកហ្វឺនមូលដ្ឋានគ្រឹះ នៃការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីន ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់មន្រ្តីជំនាញអ៊ុយក្រែនចំនួន១៤រូប។ ការហ្វឹកហ្វឺនមូលដ្ឋានគ្រឹះនេះ គឺជាកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ពិធីបើកវគ្គហ្វឹកហ្វឺនស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីន បានប្រព្រឹត្តទៅកាលីថ្ងៃទី៧ សីហា នៅខេត្តសៀមរាប។ នៅក្នុងពិធីនេះ អង្គភាពស៊ីម៉ាក់នឹងផ្ដល់ការហ្វឹកហ្វឺនមូលដ្ឋានគ្រឹះ នៃការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីន ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ជូនដល់មន្រ្តីជំនាញអ៊ុយក្រែនចំនួន១៤រូប ក្នុងគោលបំណងដើម្បី កសាងសមត្ថភាពជំនាញលើការប្រើប្រាស់គ្រឿងចក្រកម្ទេចមីន ដើម្បីបង្កើនសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការរំដោះផ្ទៃដី ដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។

អង្គភាពស៊ីម៉ាក់បានទទួលការគាំទ្រនិងការអនុញ្ញាតពីសម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសហការជាមួយរដ្ឋាភិបាលជប៉ុនលើការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ជូនអ្នកជំនាញអ៊ុយក្រែន ប្រយោជន៍ដើម្បីផ្តល់សុវត្ថិភាពជូនប្រជាជនដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

សូមជម្រាបថា មិនមែនមានតែប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ដែលទទួលបានការការហ្វឹកហ្វឺនការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីន។ អង្គភាពស៊ីម៉ាក់ មានគម្រោងដែលបានអនុម័តរួចរាល់សរុបមានចំនួន៣២គម្រោង ដែលគាំទ្រថវិកាដោយប្រទេសអាឡឺម៉ង់ ជប៉ុន ចិន អាម៉េរិក UNDP និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត ធ្វើការសម្របសម្រួល និងសហការការជាមួយដៃគូក្នុងការត្រៀមការហ្វឹកហ្វឺនដល់ប្រទេសដែលមានផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដូចជា ប្រទេសកូឡុំប៊ី អ៊ុយក្រែន ឡាវ និងប្រទេសវៀតណាមជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង