ថៃ៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅរសៀលថ្ងៃទី ៧ សីហានេះ បានចេញសាលក្រមរំលាយគណបក្ស Move Forward របស់លោក ភិថា លីមចារើនរ៉ាត់ ដែលជាបក្សឈ្នះការបោះឆ្នោតឆ្នាំ២០២៣ និង ហាមមន្រ្តីបក្សជាច្រើននាក់ពីការធ្វើនយោបាយ១០ឆ្នាំ ជុំវិញការប៉ុនប៉ងកែច្បាប់ស្ដីពីការដាក់ទោសអ្នកប្រមាថស្ដេចថៃ។
គួរបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតថៃ កាលពីខែខែមីនា បានស្នើឱ្យតុលាការធម្មនុញ្ញរំលាយបក្សអនាគតឆ្ពោះទៅមុខ ដោយយោងតាមសេចក្តីសម្រេចតុលាការធម្មនុញ្ញដែលថា ការសន្យារបស់បក្សក្នុងការធ្វើកំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ ស្មើនឹងការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
ការរំសាយអ្នកឈ្នះការបោះឆ្នោតឆ្នាំ ២០២៣ គឺជាការធ្លាក់ចុះចុងក្រោយបំផុត សម្រាប់គណបក្សនយោបាយធំៗរបស់ប្រទេសថៃ ដែលនៅតែជាប់គាំងនៅក្នុងសមរភូមិដ៏ច្របូកច្របល់រយៈពេលពីរទសវត្សរ៍ ដើម្បីអំណាចជាមួយនឹងទំនាក់ទំនងដ៏មានឥទ្ធិពលនៃអ្នកអភិរក្ស គ្រួសារប្រាក់ចាស់ និង ឧត្តមសេនីយ៍រាជានិយម។
តុលាការធម្មនុញ្ញថៃ បានដើរតួនាទីក្នុងវិបត្តិនយោបាយថៃច្រើនណាស់ មានជាអាទិ៍ការសម្រេចរំលាយគណបក្សFuture Forward (បក្សកាវក្លៃចាស់) កាលពីឆ្នាំ២០២០ ដែលជំរុញឱ្យមានបាតុកម្មនិស្សិតនិងយុវជនយ៉ាងខ្លាំងក្លាទាមទាររំលាយប្រព័ន្ធរាជានិយមថៃ។ កាលណោះតុលាការបានកាត់ទោសប្រមុខចលនា លោកថាណាថន មិនឱ្យធ្វើនយោបាយ១០ឆ្នាំ។ កាលពីប៉ុន្មានខែមុនទៀត តុលាការធម្មនុញ្ញដដែលនេះ បានដកសិទ្ធិជាតំណាងរាស្ត្រពីសកម្មជនបក្សប្រឆាំងដ៏ល្បីម្នាក់ ពីបទមានចំណែកក្នុងក្រុមឃោសនាព័ត៌មានពេលធ្វើយុទ្ធនការបោះឆ្នោតឆ្នាំ២០១៩៕