បង់ក្លាដែស៖ នាយករដ្ឋមន្រ្តីបង់ក្លាដែសលោកស្រី Sheikh hasina នាល្ងាចថ្ងៃច័ន្ទ បានប្រកាសចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីបង់ក្លាដែស និងភៀសខ្លួនតាមឧទ្ធម្ភាចក្រទៅជ្រកកោនកន្លែងផ្សេងភ្លាម។ ការប្រកាសចុះចេញពីតំណែងនេះធ្វើឡើងបន្ទាប់ពីនិស្សិត និងពលរដ្ឋបង់ក្លាដែសរាប់លាននាក់ចេញបាតុកម្មប្រឆាំងនិងកូតារដ្ឋាភិបាលដែលទុកការងារឲ្យតែមន្រ្តីដែលតស៊ូជាមួយរដ្ឋាភិបាលធ្វើតែប៉ុណ្ណោះ។
អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែសលោកស្រី Sheikh Hasina បានរត់ភៀសខ្លួនឡើងឧទ្ធម្ភាចក្រទៅកាន់ប្រទេសឥណ្ឌាជ្រកកោនជាបណ្តោះអាសន្នបន្ទាប់ពីមានបាតុកម្មហិង្សានៅទូទាំងប្រទេសបង់ក្លាដែសចាប់តាំងពីខែកក្កដាមក។ ហ្វូងបាតុកររាប់លាននាក់ជាពិសេសនិស្សិតៗបាននាំគ្នាចេញបាតុកម្មទៅនឹងអំណាចផ្តាច់ការរបស់លោកស្រីដឹកនាំប្រទេសដែលទុកកូតាការងារឲ្យតែអ្នកតស៊ូជាមួយរដ្ឋាភិបាលតាំងពីជំនាន់ចាស់ៗឲ្យធ្វើតែប៉ុណ្ណោះ។
ហិង្សាក្នុងប្រទេសកើនឡើងកាន់តែខ្លាំងឡើងដោយហ្វូងបាតុករបង់កា្លដែសបានផ្តួលរលំរូបសំណាកលោក Sheikh Mujibur Rahman ដែលជាឪពុករបស់លោកស្រី និងជានាយករដ្ឋមន្រ្តីទីមួយនៃប្រទេសបង់ក្លាដែស។ លោក Sheikh Mujibur Rahman ត្រូវបានគេធ្វើឃាតក្នុងខែសីហា ឆ្នាំ១៩៧៥ ។ អំពើពុករលួយក្នុងប្រទេសមានកាន់តែច្រើនឡើងក្នុងប្រទេសបង់ក្លាដែសដែលបានជំរុញឲ្យពលរដ្ឋស្អប់របរដឹកនាំដោយគ្រួសារលោកស្រី Sheikh Hasina ។
លោកស្រី Sheikh Hasina បានបញ្ជាឲ្យក្រុមទាហានបាញ់សម្លាប់ហ្វូងបាតុករដែលប្រឆាំងនិងរដ្ឋាភិបាល ចាប់តាំងពីផ្ទុះបាតុកម្មកាលពីខែកក្កដាមកមានបាតុករជាង ១០០នាក់ត្រូវបានសម្លាប់ និងអ្នកបាតុកម្មរាប់ម៉ឺននាក់ទៀតរងរបួស និងត្រូវបានចាប់ឃុំខ្លួន។ ភ្លាមៗបន្ទាប់ពីការលាលែងពីតំណែង ប្រមុខមេទ័ពកំពូលលោក Waker-Uz-Zaman នៃប្រទេសបង់ក្លាដែសបានសម្រេចបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន៕