ចិន៖ ទូកនេសាទប្រទេសចិនប្រមាណ ៤៤១ គ្រឿងបានចាប់ផ្តើមចេញនេសាទសារឡើងវិញបន្ទាប់ពីបានផ្អាកការនេសាទអស់ជាង ៣ខែ កំឡុងរដូវត្រីពង។ ទូកនេសាទធំៗរបស់ចិនបានចាប់ផ្តើមចេញពីកំពុងផែនេសាទរបស់ខ្លួនទៅកាន់មហាសមុទ្រក្នុងខេត្ត Jiangsu ភាគខាងត្បូងនៃប្រទេសចិន។ ប្រជានេសាទចិនបានសម្តែងការសារទរនិងរីករាយជាខ្លាំងក្រោយពីបានចាប់ផ្តើមដំណើរការនេសាទរបស់ខ្លួនម្តងទៀតដែលចាប់ផ្តើមចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤។
ប្រទេសចិនបានដាក់បម្រាមទូទាំងប្រទេសហាមនេសាទរយៈពេល ៣ខែ ដែលអនុវត្តដើម្បីការពារកំឡុងពេលរដូវត្រីពង និងធនធានជលផល គ្របដណ្តប់សមុទ្រ Bohai សមុទ្រលឿង សមុទ្រចិនខាងកើត និងតំបន់ត្រីមួយចំនួនទៀតក្នុងសមុទ្រចិនខាងត្បូង។ តំបន់ឆ្នេរសមុទ្រនៃខេត្ត Jiangsu ភាគខាងកើតប្រទេសចិនគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលរួមបញ្ចូលនៅក្នុងការផ្អាកនៅឆ្នាំនេះ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទូកនេសាទចំនួន ៤៤១គ្រឿង បានចាកចេញពីកំពង់ផែនេសាទ Lyusi ក្នុងទីក្រុង Qidong នៃខេត្ត Jiangsu ចេញទៅនេសាទលើផ្ទៃសមុទ្រ ។
ដើម្បីធានាបាននូវការចាកចេញប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់នៃប្រជានេសាទ អាជ្ញាធរដែនសមុទ្រ Jiangsu បានដាក់ពង្រាយទូកល្បាតចំនួន ៤ គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន ៧ គ្រឿង ដើម្បីអមដំណើរ និងត្រួតពិនិត្យទូនេសាទ។ ក្នុងទីក្រុង Ningbo នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ទូកនេសាទជាង ១,២៧០ ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យក៏ត្រូវបានអនុញ្ញាតឱ្យចេញដំណើរកាលពីថ្ងៃព្រហស្បតិ៍ក្នុងនេសាទនៃសមុទ្រចិន។ ការចេញនេសាទរបស់ក្រុមប្រជានេសាទចិននេះមានរយៈពេល ៣ ខែលើផ្ទៃសមុទ្រចាប់ពីខែ សីហា ដល់ ខែតុលាទើបចូលកំពង់ផែនេសាទវិញ៕