ហាណូយ៖ នាវាឆ្មាំឆ្នេរសមុទ្រវៀតណាមកំពុងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនសម្រាប់ការធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នា ដែលជាការសមយុទ្ធយោធាផ្លូវទឹករួមគ្នាជាលើកដំបូងរវាងប្រទេសទាំងពីរចំពេលដែលជម្លោះសមុទ្រចិនខាងត្បូងជាមួយនិងប្រទេសចិនកំពុងតែស្ថិតក្នុងស្ថានភាពតានតឹងជាខ្លាំង។
បើតាមក្រសួងការពារជាតិវៀតណាមបានឲ្យដឹងថា កប៉ាល់ CSB 8002 ទម្ងន់ ២,៤០០ តោនបានចាកចេញពីដែនទឹកវៀតណាមកាលពីថ្ងៃពុធដោយកំពុងតែបន្តដំណើរទៅកាន់សមុទ្រចិនខាងត្បូងដើម្បីត្រៀមធ្វើសមុទ្ធជាមួយនិងប្រទេសហ្វីលីពីន។ ប្រទេសទាំងពីរនឹងធ្វើសមយុទ្ធរួមគ្នាលើការស្វែងរក និងជួយសង្គ្រោះ ការការពារ និងការប្រយុទ្ធគ្នាតាមផ្លូវទឹក។
គួរបញ្ជាក់ថាទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ប៉ុន្តែហ្វីលីពីន វៀតណាម និងប្រទេសមួយចំនួនទៀតទាមទារកោះ កូនកោះ ថ្មប៉ប្រះទឹក និងច្រាំងថ្មចោទជាច្រើននៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមកាលពីខែមករា របស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ប្រទេសទាំងពីរបានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការឆ្មាំសមុទ្រនៅសមុទ្រចិនខាងត្បូង និងដោះស្រាយឧប្បត្តិហេតុនៅសមុទ្រដោយសន្តិភាព៕