Cc time web banner 054637

គីមជុងអ៊ុន ជិះទូកពិនិត្យមើលទឹកជំនន់«លិចផ្ទះ»ជាង៤ពាន់ខ្នង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

កូរ៉េខាងជើង៖ ប្រមុខមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅល្ងាចថ្ងៃទី ៣១ ខែកក្កដា រួមដំណើរដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបបានទៅទស្សនាតំបន់លិចទឹកនៅភាគពាយព្យនៃប្រទេសកូរ៉េខាងជើង ដើម្បីវាយតម្លៃការខូចខាតដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នា។ ផ្ទះប្រហែល៤,១០០ និងអគារសាធារណៈជាច្រើន ផ្លូវ និងផ្លូវរថភ្លើងនៅក្នុងទីក្រុង Sinuiju និងទីក្រុង Uiju ត្រូវបានជន់លិចស្ទើតែទាំងស្រុងដោយកម្ពស់ទឹកបានលិចផ្ទះដោយមើលតាមខ្សែវីដេអូឃើញតែដំបូលផ្ទះតែប៉ុណ្ណោះ។

តាមរយៈខ្សែវីដេអូដែលចេញផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានបង្ហាញវត្តមានលោកគីមកំពុងតែធ្វើដំណើរឡើងទៅលើទូកស្បែកមួយប្រភេទដំណើរឡើងលើទូករបស់លោកត្រូវបានមន្រ្តីកូរ៉េខាងជើងជួយគ្រាឡើង។ រដ្ឋកូរ៉េខាងជើងរាយការណ៍ទៀតថាទឹកជំនន់បានបំផ្លាញផ្ទៃដីកសិកម្មចំនួន ៣,០០០ ហិកតា និងជាង ៧,៤១០ ហិចតា ត្រូវបានប៉ះពាល់។ ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះនៅភាគពាយ័ព្យប្រទេសកូរ៉េខាងជើងបានជន់លិចផ្ទះរាប់ពាន់ខ្នង និងទំហំដីស្រែចម្ការយ៉ាងច្រើន ហើយបានធ្វើឱ្យអ្នកស្រុកជាច្រើនគ្មានផ្ទះសម្បែង និងរស់នៅក្នុងតង់បណ្តោះអាសន្ន។

ទឹកជំនន់យ៉ាងធ្ងន់ធ្ងរបែបនេះបានបណ្តាលឲ្យមនុស្សជាង ៥,០០០ នាក់ដែលជាប់គាំងនៅក្នុងទីក្រុង Sinuiju និងទីក្រុង Uiju ត្រូវបានជួយសង្គ្រោះតាមរយៈឧទ្ធម្ភាគចក្រ និងការងារជម្លៀសផ្សេងទៀត កូរ៉េខាងជើងមិនបានរាយការណ៍បញ្ចាក់ថាតើមានអ្នករងរបួស និងស្លាប់ប៉ុន្មាននាក់នៅឡើយនោះទេ។ កូរ៉េខាងជើងងាយនឹងមានទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅរដូវក្តៅ ហើយប្រព័ន្ធបង្ហូរទឹកមិនល្អ ការកាប់បំផ្លាញព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធមានការខូចខាតយ៉ាងដំណំ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង