ក្រុងគែ៖ មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh ត្រូវគេបើកការវាយប្រហារសម្លាប់នៅក្រុងតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់នៅព្រឹកព្រលឹមថ្ងៃពុធនេះ។ ភ្លាមៗបន្ទាប់ពីការសម្លាប់មេទ័ពកំពូលរូបនេះ ក្រុមហាម៉ាស់បានប្រកាសការកាន់ទុក្ខចំពោះការស្លាប់របស់លោក Haniyeh។ ការស្លាប់របស់លោក Haniyeh ស្ថិតនៅក្នុងទីក្រុង Tehran ចំពេលដែលលោកបានទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ថ្មីលោក Masoud Pezeshkian ។
យោងតាមឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានឲ្យដឹងថាលោក Haniyeh ត្រូវបានឃាតករបើកការវាយប្រហារសម្លាប់រួមជាមួយអង្គរក្សម្នាក់របស់លោក ដោយការវាយប្រហារមិនធ្លាប់មាននេះបានបាញ់ប្រសាចគ្រាប់ទៅលើលំនៅដ្ឋានរបស់លោក Ismail Haniyeh ដែលលោកគឺជាប្រធានការិយាល័យនយោបាយនៃក្រុមតស៊ូអ៊ីស្លាមហាម៉ាស ឧប្បត្តិហេតុនេះត្រូវបានអ៊ីរ៉ង់ប្រកាសបើកការស៊ើបអង្កេត។
ក្រុមហាម៉ាសបានចាត់ទុកការវាយប្រហារសម្លាប់មេដឹកនាំរបស់ខ្លួននេះគឺជារឿងមិនអាចទទួលយកបានដោយខ្លួនបានប្រកាសព្រមានសងសឹកសត្រូវវិញប្រសិនបើរកឃើញអ្នកនៅពីក្រោយបន្ទាប់ពីការស៊ើបអង្កេត។ ការសម្លាប់មេទ័ពរបស់ខ្លួននេះត្រូវបានក្រុមហាម៉ាស់ដាក់ការសង្ស័យទៅលើអ៊ីស្រាអ៊ែល ក៏ប៉ុន្តែការស៊ើបអង្កេតអ្នកនៅពីក្រោយពិតប្រាកដកំពុងតែដំណើរការ។
ប្រធានាធិបតី Mahmud Abbas នៃរដ្ឋប៉ាឡេស្ទីន បានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើឃាតមេដឹកនាំក្រុម Hamas លោក Ismail Haniyeh ដោយចាត់ទុកវាជាទង្វើដ៏កំសាក និងជាការសម្រេចចិត្តខុសយ៉ាងធ្ងន់ធ្ងរមួយ លោកបានជំរុញប្រជាជនប៉ាឡេស្ទីន និងកងកម្លាំងហាម៉ាស់ឱ្យរួបរួមគ្នា រក្សាភាពអត់ធ្មត់ និងឈរយ៉ាងរឹងមាំប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែល៕