ព្រៃវែង៖ អគារសិក្សាកម្ពស់ ៤ជាន់ ចំនួន ៣២បន្ទប់ និង ទីចាត់ការ១ខ្នង ជាអំណោយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិទ្យាល័យព្រៃព្នៅ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី ២៦ កក្កដានេះ ត្រូវបានរៀបចំបញ្ចុះឋមមសិលាសាងសង់ជាផ្លូវការហើយ ក្រោមអធិបតីភាពរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង។
អគារសិក្សា ១ខ្នង កម្ពស់ ៤ជាន់ ស្មើនឹង ៣២បន្ទប់ រួមនឹងទីចាត់ការ ១ខ្នង មាន៣បន្ទប់ ជាចំណងដៃថ្មី និង ជាប្រវត្តិសាស្រ្តរបស់ស្រុកពារាំង ជាអំណោយរបស់សម្តេច ហ៊ុន ម៉ាណែត និង លោកជំទាវ បានផ្តល់ជូនតាមសំណូមពររបស់យុវសិស្ស សាយ ស៊ីណា ដែលបានច្រៀងបទ “ស្ពានសាងស្នេហ៍” ក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេច ហ៊ុន ម៉ាណែត និង លោកជំទាវ ដែលបានឧបត្ថម្ភអគារសិក្សា និងទីចាត់ការនៅវិទ្យាល័យព្រៃព្នៅ ជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ អាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋទូទៅ។
បន្ថែមពីនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តល់ជូនអំណោយឧបត្ថម្ភរបស់សម្តេច ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត មាន៖ កុំព្យូទ័រ ១០គ្រឿង, ធុងបាស់ និង ម៉ៃក្រូហ្វូនសម្រាប់មុខវិជ្ជាសិល្បៈ ១ឈុត, តារាងបាល់ទះ បាល់ទាត់ និងបាល់បោះ ១ឈុត, ចាក់សាបផ្លូវដើរចូលសាលារៀន, ធ្វើរបងសាលារៀនបន្ថែម ៥០ម៉ែត្រ, ស្លាយបញ្ចាំង ៥ឈុត, ម៉ាស៊ីនព្រីនធ័រ ៥គ្រឿង, ម៉ាស៊ីនថតចម្លងខ្នាតធំ ៥គ្រឿង និងអំពូលសូឡា ៥០០វ៉ាត់ ចំនួន ១០០គ្រាប់៕