អាម៉េរិក៖ ប្រធានភ្នាក់ងារសម្ងាត់អាម៉េរិក ( Secret Service) លោកស្រី Kimberly Cheatle បានសម្រេចប្រកាសចុះចេញពីតំណែងបន្ទាប់ពីមិនអាចការពារអតីតប្រធានាធិបតីអាម៉េរិកលោក Donald Trump ពីការលបធ្វើឃាតរបស់ឃាតករបាន។ ការសម្រេចចុះចេញពីតំណែងរបស់លោកស្រីបានធ្វើឡើងភ្លាមៗបន្ទាប់លោកស្រីរងសម្ពាធខ្លាំងពីសភាអាម៉េរិកដេញដោលសួរលោកស្រីដែលមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារសុវត្ថិភាពរបស់លោកដូណាល់ត្រាំ។ សភាអាម៉េរិកបានជំរុញឲ្យលោកស្រីចុះចេញពីតំណែងជាប្រធានភ្នាក់ងារសម្ងាត់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថាលោកស្រី Kimberly Cheatle បានផ្ញើអ៊ីមែលទៅក្រុមការងារពីថ្ងៃអង្គារដោយប្រកាសពីផែនការរបស់លោកស្រីក្នុងការចុះចេញពីតំណែង។ លោកស្រីបានរងសម្ពាធពីសមាជិកសភាអាម៉េរិកឱ្យលាលែងពីតំណែង ដោយសភាអាម៉េរិកបានបន្តសួរសំណួរដេញដោលពីការធ្វើឃាតលោកត្រាំកាលពីថ្ងៃទីទី ១៣ ខែកក្កដា ។
លោកស្រី Cheatle បានបញ្ចាក់ក្នុងអ៊ីមែលផ្ញើទៅកាន់ក្រុមការងារលោកស្រីថា "ខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះការបរាជ័យផ្នែកសន្តិសុខ"របស់ភ្នាក់ងារសម្ងាត់អាម៉េរិក ហើយលោកស្រីនិងចុះចេញពីតំណែងជាប្រធានភ្នាក់ងារសម្ងាត់៕