អេត្យូពី៖ គិតត្រឹមថ្ងៃពុធនេះ ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីនៅអេត្យូពីកើនឡើងដល់ ២២៩នាក់ ក្នុងនោះបុរស ១៤៨នាក់ និងស្ត្រី ៨១នាក់។ ហេតុការណ៍រអិលបាក់ដីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី ២២ ខែកក្កដាបន្ទាប់ពីប្រជាជនអេត្យូពីរាប់រយនាក់បានប្រមូលម្តុំគ្នាទៅមើលតំបន់ដែលរងផលប៉ះពាល់ដោយសារតែទឹកភ្លៀងបានវាយប្រហារ។
ការរអិលបាកដីបានកប់ហ្វូងមនុស្សជាច្រើននាក់ដោយក្នុងនោះមានទាំងមន្រ្តីរាជការ និងកងកម្លាំងជួយសង្រ្គោះ បច្ចុប្បន្ននេះដំណើរការរុករកអ្នកដែលបានបាត់ខ្លួនក្នុងហេតុការណ៍ដ៏រន្ធត់នេះកំពុងតែត្រូវបានបន្ត។
អាជ្ញាធរអេត្យូពីក៏បានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្តទៀតព្រោះកន្លែងកើតហេតុពិបាកក្នុងការប្រើគ្រឿងចក្ររុករកអ្នកដែលកំពុងតែបាត់ខ្លួន កប់ក្នុងដី។ ក្នុងនោះក៏មានមនុស្សមួយចំនួនត្រូវបានដីបាក់សង្គត់បន្ថែមទៀតកំឡុងពេលប្រតិបត្តិការរុករក៕