Cctimesw1140xh150cm copy

បុរសម្នាក់ស្លាប់ និងរបួស៣នាក់ ករណីរលំដើមឈើ នៅខ្លោងទ្វារទន្លេអុំ ខេត្តសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី ២៤ ខែកក្ដដានេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា នាវេលាម៉ោង១៧៖៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខ្លោងទ្វារទន្លេអុំ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីឧបទ្ទវហេតុគ្រោះធម្មជាតិរលំដើមឈើមួយដើមនៅទន្លេអុំ បានដួលរលំសង្កត់រូបចម្លាក់ទាញព្រ័ត្រ និងសង្កត់លើរ៉ឺម៉កម៉ូតូបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាជនខ្មែរចំនួន០៤នាក់ ក្នុងនោះបណ្តាលឱ្យស្លាប់បុរសម្នាក់ និងរបួសចំនួន០៣នាក់(ស្រាល០២ ធ្ងន់០១នាក់)។

យោងតាមសេចក្ដីប្រកាសព័ត៌មានរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មានពីឧបទ្ទវហេតុគ្រោះធម្មជាតិនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានដឹកនាំកម្លាំងចុះពិនិត្យ និងសង្គ្រោះអ្នករងរបួស។

ជាលទ្ធផលឃើញថា ដើមឈើមួយដើមនៅទន្លេអុំ ដែលបានដួលរលំសង្កត់រូបចម្លាក់ទាញព្រ័ត្រ និងសង្កត់លើរ៉ឺម៉កម៉ូតូបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាជនខ្មែរចំនួន ០៤នាក់ បណ្តាលឱ្យស្លាប់មនុស្ស ចំនួន០១នាក់ ភេទប្រុស ដែលជាអ្នកបើកបរ និងរបួសមនុស្សចំនួន០៣នាក់ (ស្រាល០២ ធ្ងន់០១នាក់) ដែលជិះរ៉ឺម៉ក។

សូមជម្រាបថា បច្ចុប្បន្នជនរងគ្រោះត្រូវបានជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានកាត់ដើមឈើចេញ ដើម្បីបញ្ចៀសចរាចរ នៅកន្លែង កើតហេតុរួចរាល់ទាំងស្រុងនៅវេលាម៉ោង២០៖៣០នាទី ថ្ងៃខែឆ្នាំដដែល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង