វៀតណាម៖ មនុស្សពីរនាក់នៅទីក្រុងហូជីមិញត្រូវបានពិន័យចំពោះការបង្ហោះព័ត៌មានប្រឌិតអំពីសមិទ្ធិផល និងការរួមចំណែករបស់អតីតអគ្គលេខាបក្ស លោក Nguyen Phu Trong។ ប៉ូលីសវៀតណាមបានធ្វើការផាកពិន័យបុរសពីរនាក់ដែលមានអាយុ ៣៩ ឆ្នាំពិន័យ ១៣ លានដុង (៥១៣.១២ ដុល្លារអាម៉េរិក) ពីបទចែករំលែកព័ត៌មានមិនពិត គ្មានមូលដ្ឋាន និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អតីតអគ្គលេខាបក្ស ។
ការចាប់ខ្លួនបុរសពីរនាក់នេះធ្វើឡើងបន្ទាប់ពីក្រុមជំនាញសន្តិសុខតាមអ៊ីនធឺណិតរបស់ប៉ូលីស HCMC បានរកឃើញថាបុគ្គលមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រឌិត ដែលបង្ខូចសមិទ្ធផល និងការរួមចំណែករបស់លោក Nguyen Phu Trong ។
ប៉ូលីសវៀតណាមបានបញ្ជាក់ថាការបង្ហោះ និងការបញ្ចេញមតិជាមួយនឹងព័ត៌មានបែបនេះ ត្រូវបានរិះគន់យ៉ាងខ្លាំងដោយមនុស្សជាច្រើននៅលើបណ្តាញសង្គម។ ម្ចាស់គណនីហ្វេសប៊ុកចំនួនបីនាក់ត្រូវបានប៉ូលិសកោះហៅមកសាកសួរបន្ថែម។ក្រៅពីផាកពិន័យបុរសទាំងពីរនាក់នោះ ប៉ូលិសក៏បានព្រមានបុរសម្នាក់ទៀតអាយុ៣៨ឆ្នាំផងដែរពីការផ្សព្វផ្សាយព័ត៌មានមិនពិត៕