សៀមរាប៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំប្រជុំពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាម៉េរិកជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅខេត្តសៀមរាប ហើយបានដាក់ចេញនូវយន្តការបន្ទាន់ចំនួន៤សម្រាប់ដាក់អនុវត្តនៅខេត្តសៀមរាប ក្នុងនោះធនាគារជាតិតម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬប្រឡាក់ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។ ការជួយសម្រួលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីយប់ថ្ងៃទី១៧កក្កដានេះ បានចុះទៅសួរនាំអាជីវករនៅតំបន់ ផាប់ស្រ្ទីត ដោយផ្ទាល់ អំពីការលក់ដូរ តម្លៃ និងបញ្ហាប្រឈមរបស់អាជីវករមួយចំនួនក្នុងតំបន់នេះផ្ទាល់។
លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាម៉េរិកនៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង នៅអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រចាំខេត្តសៀមរាប និងស្នាក់ការកណ្តាល ព្រមទាំងអាជ្ញាធរខេត្ត សរុបជាង ៦០រូប ក្នុងគោលបំណងស្វែងរកដំណោះស្រាយរួមគ្នា ទៅលើការសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាម៉េរិក នៅខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំនោះ លោកជំទាវបានសាកសួរតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ពីគោលការណ៍នានារបស់គ្រឹះស្ថាននីមួយៗ ពាក់ព័ន្ធនឹងប្រតិបត្តិការពិនិត្យនិងទទួលយកប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ទក់ រហែក និងបានជំរុញលើកទឹកចិត្តឱ្យតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុលើកឡើងពីបទពិសោធន៍ បញ្ហាប្រឈម ក៏ដូចជាការលំបាកជាក់ស្តែងនានាដែលគ្រឹះស្ថានបានជួបប្រទះ ពាក់ព័ន្ធនឹងប្រតិបត្តិការទទួលប្រាក់ដុល្លារអាមេរិកពីអតិថិជន។
ជាកិច្ចឆ្លើយតបបន្ទាប់ពីបានស្វែងយល់អំពីស្ថានភាពជាក់ស្តែង អំពីការទទួលយកឬមិនទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់នៅតាមហាងនិងបញ្ហារប្តូរប្រាក់ឯកជន ព្រមទាំងបានប្រជុំពិភាក្សាជាមួយធនាគាពាណិជ្ជដូចបានរៀបរាប់ខាងលើ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញវិធានការមួយចំនួន ដើម្បីអនុវត្តនៅក្នុងខេត្តសៀមរាបដែលរួមមាន យន្តការបន្ទាន់ និងយន្តការបន្តទៀត។
ចំពោះយន្តការបន្ទាន់ ដែលនឹងត្រូវអនុវត្តនៅខេត្តសៀមរាប ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅមាន៤យន្តការ៖
១/- តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬប្រឡាក់ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។ ២/- ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថាមិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្ដូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវានិងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញនោះទេ។
៣/- តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារអាមេរិក និង៥០ ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១០០ ដុល្លារអាមរិក នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។ ដោយឡែក ការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក។ និង
៤/- រៀបចំផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋាន ដើម្បីឱ្យបានយល់កាន់តែច្បាស់និងគាំទ្រចំពោះវិធានការដែលបានដាក់ចេញខាងលើ
ឍ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តយន្តការបន្តទៀត។
ចំណែកឯ យន្តការបន្តទៀតមាន ២យន្តការ។ ១/- ជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ Bakong Tourist App ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា និង២/- សហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាប់ស្រាល់ជ្រើសដើម្បីកំណត់លក្ខខណ្ឌស្ដង់ដារមួយ ដែលមានសង្គតិភាពរវាងម៉ាស៊ីនរាប់ស្រាល់ជ្រើសអស់ចនាលម្លជាធនាគារពាណិជ្ជ ក៏ដូចជារវាងម៉ាស៊ីនរបស់ធនាគារពាណិជ្ជនិងធនាគាពាណិជ្ជ។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា៕