ឥណ្ឌូណេស៊ី៖ ឧទ្ធម្ភាគចក្រ Bell 505 Jet Ranger X បានធ្លាក់នៅក្នុងភូមិ Pecatu ភាគខាងត្បូងកោះបាលី បន្ទាប់ពីវាបានទាក់ជាមួយនឹងខ្សែកាបមួយ។ ក្នុងហេតុការណ៍នេះ មានជនជាតិអូស្ត្រាលី ២នាក់ និងជនជាតិឥណ្ឌូនេស៊ី ៣នាក់ បានរួចជីវិតពីការធ្លាក់ឧទ្ធម្ភាគចក្រទេសចរណ៍ នៅកោះបាលី ។
ក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូនេស៊ី បានអះអាងថា ឧទ្ធម្ភាគចក្រ Bell 505 Jet Ranger X ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PT Whitesky Aviation បានធ្លាក់នៅក្នុងភូមិ Pecatu ក្នុងតំបន់ឆ្នេរនៅភាគខាងត្បូងនៃកោះបាលី។ ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ី បានតាមដានឧទ្ធម្ភាគចក្រដែលមានមនុស្ស ៥ នាក់នៅលើនោះ រួមទាំងនាវិក និងអ្នកដំណើរបានធ្លាក់នៅលើច្រាំងថ្ម ដោយជនរងគ្រោះទាំងអស់មិនប៉ះពាល់ដល់អាយុជីវិតឡើង និងត្រូវបានជម្លៀសដោយសុវត្ថិភាព។
ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសប្រជុំកោះដ៏ធំទូលាយដែលមានប្រជាជនប្រមាណ ២៧០លាននាក់ បានរងផលប៉ះពាល់ដោយសារគ្រោះថ្នាក់ដឹកជញ្ជូនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការធ្លាក់យន្តហោះ និងការលិចសាឡាង៕