ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី ១៧ ខែកក្ដដានេះ បានជូនដំណឹងដល់ម្ចាស់អាជីវកម្ម ភោជនីដ្ឋាន អាហារដ្ឋាន ម្ចាស់ផ្ទាំងផ្សាយពាណិជ្ជកម្ម របារកាត់ទទឹងផ្លូវ និងស្លាកប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវរុះរើចេញជាបន្ទាន់ ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
យោងតាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្ត បានសង្កេតឃើញមានការតម្លើងប៉ាណូផ្សាយពាណិជ្ជកម្មនៅតាមទីតាំងមួយចំនួន គ្មានច្បាប់អនុញ្ញាត ខ្លះទៀតមានសភាពចាស់ទ្រុឌទ្រោម និងដាច់ធ្លាក់ ហើិយថែមទាំងបានផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទផដែរ។ សកម្មភាពនេះ បានធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព សេចក្ដីថ្ងៃថ្នូរ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។
ក្នុងន័យនេះ រដ្ឋបាលខេត្ត បានតម្រូវឲ្យធ្វើការរុះរើរបារកាត់ទទឹងផ្លូវចេញពីទីតាំងលើកំណាត់ផ្លូវលេខ៦៤ មុខវិទ្យាល័យព្រះរាជបូជនីយ៍កិច្ច ក្បែររង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ និងផ្ទាំងផ្សាយពាណិជ្ជកម្មលើសួនរង្វង់មូលអូរពងមាន់ ដោយសហការជាមួយអាជ្ជាធរ និងសមត្ថកិច្ច ដើម្បីយកទៅដាក់នៅទីតាំងសមរម្យណាមួយ។ ចំពោះ ការរុះរើស្លាកប៉ាណូ និងផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទទាំងអស់ ដោយលើកទឹកចិត្តក្នុងការកែសម្រួលមកផ្សាព្វផ្សាយរូបភាពតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងធម្មជាតិនានា ក្នុងខេត្ត។
រដ្ឋបាលខេត្ត បន្ថែមថា ការរុះរើផ្ទាំងប៉ាណូដែលស្ថិតនៅលើជាប់ជញ្ជាំងអគារ និងនៅលើដីចំណីផ្លូវសាធារណៈ ដែលអស់សុពលភាព ឬគ្មានច្បាប់អនុញ្ញាត ឬដាច់រហែច ចាស់ផុកផុយទ្រុឌទ្រោម និងត្រូវហាមឃាត់រាល់ការបំពាក់ផ្ទាំងផ្សាយពាណិជ្ជកម្ម ទាំង រូបភាព និងខ្លឹមសារអក្សរ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ជាមួយគ្នានោះដែរ រដ្ឋបាលខេត្ត បញ្ជាក់ថា ទុករយៈពេល៣០ថ្ងៃ សម្រាប់លោក លោកស្រី ដើម្បីធ្វើការរុះរើដោយស្ម័គ្រចិត្ត ផុតរយៈពេល កំណត់នេះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរុះរើស្របតាមនីតិវិធីច្បាប់ជាធរមាន។ ក្នុងករណីនេះ រដ្ឋបាលខេត្ត មិនទទួល ខុសត្រូវចំពោះការខូចខាតជាយថាហេតុណាមួយ ដែលបណ្តាលមកពីការរុះរើនោះឡើយ៕