ថៃ៖ មានយ៉ាងហើចណាស់ជនជាតិវៀតណាម៦នាក់បានស្លាប់ដោយសារពុលចំណីអាហារនៅក្នុងសណ្ឋាគារហ្គ្រេន ហ៊ីយ៉ាត លំដាប់ផ្កាយ៥នៅក្នុងទីបាងកកកាលពីល្ងាចយប់អង្គារ។ ប៉ូលីសថៃបានរកឃើញសាកសពមនុស្សប្រុសស្រីបីនាក់ស្លាប់នៅក្នុងបន្ទប់មួយដាច់ដោយឡែកពីគ្នា ដោយមិនមានសញ្ញានៃការឈ្លោះប្រកែកគ្នា រឺស្លាកស្នាមលើសាកសពរបស់ជនរងគ្រោះឡើយ។ ប៉ូលិសថៃកំពុងពិនិត្យមើលខ្សែវីដេអូតាមកាំមេរ៉ាសុវត្ថិភាពនិងសាកសួរសាក្សី ដើម្បីប្រមូលតម្រុយដែលអាចកើតមានជុំវិញនៃការស្លាប់ជនជាតិវៀតណាមទាំង៦នាក់។ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនរងគ្រោះជាជនជាតិវៀតណាម២នាក់មានសញ្ជាតិអាម៉េរិក និងជនជាតិវៀតណាម៤នាក់មិនមានសញ្ជាតិដទៃឡើយ។
បើតាមប៉ូលីសថៃគ្មានស្នាមជាំណាមួយត្រូវបានគេរកឃើញនៅលើខ្លួនរបស់ជនរងគ្រោះឡើយ តាមការសន្និដ្ឋានបច្ចុប្បន្ននេះប៉ូលីសថៃអះអាងថាពួកគេត្រូវបានដាក់ថ្នាំបំពុលក្នុងចំណីអាហារ។លោកឧត្តមសេនីយ៍ទោ Theeradet Thumsuthee មេបញ្ជាការស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលថៃ បានបញ្ជាក់ថា មនុស្ស៦នាក់បានស្លាប់ដោយសារការពុលដោយក្នុងបន្ទប់បូលីសបានរកឃើញចំណីអាហារមួយចំនួនរបស់ជនរងគ្រោះ។ លោកបានបន្តថា ក្រុមអ្នកស៊ើបអង្កេតមិនទាន់កំណត់មូលហេតុដែលអាចកើតមានចំពោះការស្លាប់នេះនៅឡើយទេ។
អ្នកស្លាប់ពីរនាក់ត្រូវបានគេស្គាល់ថាឈ្មោះ Chong Sherine អាយុ ៥៦ ឆ្នាំ និង Dang Hung Van អាយុ ៥៥ ឆ្នាំ។ អ្នកទាំងពីរមានសញ្ជាតិអាម៉េរិក។អ្នកទាំងបួននាក់ផ្សេងទៀតមានឈ្មោះ Nguyen Thi Phuong Lan អាយុ ៤៧ ឆ្នាំ Pham Hong Thanh អាយុ ៤៩ ឆ្នាំ Tran Dinh Phu អាយុ ៣៧ឆ្នាំ និង Nguyen Thi Phuong អាយុ ៤៦ ឆ្នាំ។
លោកនាយករដ្ឋមន្ត្រីថៃស្រេថា ថាវីស៊ីន បានទៅដល់កន្លែងកើតហេតុកាលពីយប់ថ្ងៃអង្គារ។ លោកបាននិយាយថា ប៉ូលិសបានសន្មត់ថាមនុស្សបានស្លាប់អស់រយៈពេលប្រហែល ២៤ ម៉ោងមុនពេលត្រូវបានគេរកឃើញ ហើយអាជ្ញាធរកំពុងស្វែងរកព័ត៌មានភស្តុតាងបន្ថែមទៀតជុំវិញនៃស្លាប់ដ៏អាថ៌កំបាំងមួយនេះ។ លោកបានចាត់ទុក ឧបទ្ទវហេតុនេះគឺជារឿងមិននឹកស្មានដល់ ហើយលោកអំពាវនាវឲ្យអ្នកទេសចរដ៏ទៃទៀតកុំភាពស្លន់ស្លោ៕