កំពង់ឆ្នាំង៖ សមាគមទូកមាសកង្រី នៅថ្ងៃទី១១ ខែកក្កដា បានរៀបចំយុទ្ធនាការដាំកូនឈើ ១០,០០០ដើម ដោយមានការឧបត្ថម្ភពីមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន និងសហការឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួនទៀត ក្នុងគោលបំណងបំផុសស្មារតីរួមគ្នាថែរក្សា ការពារនិងអភិរក្សធនធានធម្មជាតិ រួមមានព្រៃឈើនិងសត្វព្រៃ និងការសង្គ្រោះភពផែនដី ជាពិសេសការស្ដារឡើងវិញនូវចំនួនព្រៃឈើ។
យុទ្ធនាការនេះ មានការចូលរួមពីលោក អុឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន លោកជំទាវ ហេង សុខា តំណាងមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង លោក ឆេង ផល្លា អភិបាលរងស្រុកកំពង់លែង លោក គឹម យឿម ប្រធានសមាគមទូកមាសកង្រី ក្រុមMiss Planet Cambodia តំណាងក្រុមហ៊ុនបានសហការឧបត្ថម្ភ រួមមានក្រុមហ៊ុន ដូនពេញ ខេមបូឌា គ្រុប ក្រុមហ៊ុន អាយអិនជី ហូលឌីង ក្រុមហ៊ុន ដូនពេញ ត្រេឌីង ធនាគារឯកទេស ដូនពេញ ក្រុមហ៊ុនធានារ៉ាប់រង ភីភល&ផាតនើ ក្រុមហ៊ុន ដូនពេញ ព្រីខាស ផ្លេន និងក្រុមហ៊ុន អុី&អេ ខនសាល់ធេន ព្រមទាំងអាជ្ញាធរ បងប្អូនប្រជាពលរដ្ឋ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុកកំពង់លែង សរុបប្រមាណ៤០០នាក់ ប្រកបដោយប្រសិទ្ធភាពបំផុត។
បើតាមសមាគមទូកមាសកង្រី បានបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ ដែលសមាគមទូកមាសកង្រី បានសហការជាមួយ មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន រៀបចំយុទ្ធនាការដាំកូនឈើ សរុបប្រមាណ ២ម៉ឺនដើម ក្នុងនោះកាលឆ្នាំ២០២២ ចំនួន៤ពាន់ដើម, ២០២៣ ចំនួនជាង៥ពាន់ដើម ហើយឆ្នាំនេះ២០២៤ ដាំចំនួន១ម៉ឺនដើមបន្ថែមទៀតរួមមាន គ្រញូងចំនួន២៥០០ដើម ឈើទាលចំនួន២៥០០ដើម ផ្តៀកចំនួន២៥០០ដើម ឈើបេងនិងប្រភេទឈើចំរុះចំនួន២៥០០ដើម ដោយកូនឈើទាំងអស់ត្រូវបានដាំនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី-ភ្នំទូកមាស ក្នុងភូមិសាស្រ្តស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលនេះជាការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក អុឹង ប៊ុនហ៊ូវ ក្នុងការអភិរក្សធនធានធម្មជាតិ និងធ្វើឱ្យស្រុកកំពង់លែងប្រែក្លាយមុខមាត់ជាតំបន់ដែលមានធម្មជាតិបៃតងស្រស់បំព្រង និងជាតំបន់ទេសចរណ៍បែបចម្រុះ។
ពិធីដាំកូនឈើនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមចំណែកសម្រេចបាននូវផែនការការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការស្តារធនធានធម្មជាតិ ការគ្រប់គ្រងបរិស្ថាន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងការចូលរួមលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជន៕