សេអ៊ូល៖ ទីភ្នាក់ងារសព្វាវុធកូរ៉េខាងត្បូង បានឲ្យដឹងនាថ្ងៃទី១២ ខែកក្កដាថា កូរ៉េខាងត្បូង នឹងចាប់ផ្តើមដាក់ពង្រាយអាវុធឡាស៊ែរ ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងនៅក្នុងឆ្នាំនេះ ដោយកូរ៉េខាងត្បូងនឹងក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលដាក់ពង្រាយ និងធ្វើប្រតិបត្តិការអាវុធប្រភេទនេះនៅក្នុងយោធា។
យោធាកូរ៉េខាងត្បូងបានអះអាងថា អាវុធឡាស៊ែរថ្មីដែលមានឈ្មោះថា StarWars ដែលបង្កើតឡើងដោយក្រុមហ៊ុន Hanwha Aerospace នឹងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងយោធានៅក្នុងប្រទេសកូរ៉េខាងត្បូង។ ម្យ៉ាងទៀត វាជាអាវុធដែលមានប្រសិទ្ធភាពខ្ពស់នៅក្នុងការប្រឆាំងទៅនឹងយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ដំណើរការដោយអគ្គិសនីតែមួយគត់ និងមានតម្លៃទាបបំផុតត្រឹមតែ ២,០០០ វ៉ុន (១,៤៥ ដុល្លារអាមេរិក) ។
ការដាក់បំពាក់អាវុធថ្មីឡាស៊ែររបស់កូរ៉េខាងត្បូង គឺជាការឆ្លើយតបទៅនឹងការបង្កហេតុដោយយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ដើម្បីវាយបកទៅកាន់កូរ៉េខាងជើងដោយប្រព័ន្ធអាវុធឡាស៊ែរ។ អាវុធឡាស៊ែរនេះ វាសម្រេចបានដោយជោគជ័យនូវអត្រាបាញ់ទម្លាក់ ១០០ ភាគរយនៅក្នុងការសាកល្បងដំបូង ដើម្បីអាចទប់ទល់នឹងយន្តហោះ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង៕