ហ្គាហ្សា៖ ជនជាតិប៉ាឡេស្ទីន ២៩ នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួន នៅខាងក្រៅសាលារៀនមួយនៅភាគខាងត្បូងតំបន់ហ្គាហ្សា។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា មីស៊ីលគឺធ្លាក់ជិតខ្លោងទ្វារសាលារៀន al-Awda ក្នុងទីប្រជុំជន Abasan al-Kabira ភាគខាងកើតទីក្រុង Khan Younis។
យោធាអ៊ីស្រាអែល បានអះអាងថា ការឈាន់ដល់ការវាយប្រហារតាមអាកាស គឺដើម្បីកំណត់គោលដៅភេរវករមកពីក្រុមយោធារបស់ក្រុមហាម៉ាស ដែលបានចូលដៃក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលថ្ងៃទី ៧ ខែតុលា ។ ឧប្បត្តិហេតុនេះ មុនពេលបើកការវាយប្រហារមួយសប្តាហ៍បន្ទាប់អ៊ីស្រាអែល បានបញ្ជាឱ្យជនស៊ីវិលទាំងអស់ជម្លៀសចខ្លួនចេញពីតំបន់ Abasan al-Kabira និងតំបន់ផ្សេងទៀតនៃភាគខាងកើត Khan Younis មុខពេលពួកគេបើកការវាយប្រហារ។ ការវាយប្រហារនេះគឺជាការវាយប្រហារលើកទីបួនក្នុងរយៈពេលបួនថ្ងៃជាប់គ្នា ដែលទ័ពអ៊ីស្រាអែល បាញ់ទៅសាលារៀន ជាទីផ្តល់ជម្រកដល់ជនភៀសខ្លួន។ យោធាអ៊ីស្រាអែល ក៏បានបញ្ជាក់ថា ខ្លួនបានធ្វើការកំណត់គោលដៅវាយប្រហារបីលើកដំបូងដោយសាររកឃើញថា នៅទីនោះមានការលាក់ខ្លួនអ្នកនយោបាយ មន្ត្រីប៉ូលិស និងយុទ្ធជនរបស់ក្រុម ហាម៉ាស់ កំពុងប្រើទីតាំងនោះជាមូលដ្ឋានរបស់ពួកគេ។
គួរបញ្ជាក់ថា យោធាអ៊ីស្រាអែល បានបើកការវាយប្រហារដ៏ខ្លាំងខ្លាលើតំបន់នេះ គឺដើម្បីកម្ទេចក្រុមហាម៉ាស់ ជាការឆ្លើយតបនឹងការវាយប្រហារដែលមិនធ្លាប់មានពីមុនមកលើភាគខាងត្បូងអុីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ក្នុងអំឡុងពេលនោះ មានមនុស្សប្រហែល ១២០០ នាក់ត្រូវបានសម្លាប់ និង ២៥១ នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕