Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេចហេង សំរិន៖២៧ឆ្នាំមកនេះរដ្ឋសភាបំពេញតួនាទីរបស់ខ្លួនស្របតាមច្បាប់រដ្ឋធម្មនុញ្ញ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

ភ្នំពេញ៖ថ្ងៃទី២៤​ ខែ​កញ្ញានេះ​ គឺ​គម្រប់​ខួប​២៧​ឆ្នាំ​នៃ​ការ​ប្រកាសឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានអះអាងថា ក្នុងរយៈពេល ២៧ឆ្នាំ កន្លងមកនេះ រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយ បានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ដោយបានតាក់តែងនិងអនុម័តច្បាប់។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចេញសារ​អបអរសាទរ​ខួប​២៧​ឆ្នាំ​នៃ​ការ​ប្រកាសឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​កម្ពុជា។សម្តេចបានចាត់ទុក រដ្ឋធម្មនុញ្ញនេះជាមូលដ្ឋានគ្រឹះ នៃស្ថិរភាពរបបនយោបាយ ក្របខណ្ឌច្បាប់ និងក្របខណ្ឌស្ថាប័ន នៅលើខឿនប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមកដល់បច្ចុប្បន្ននេះ មានសុខសន្តិភាពពេញលេញ ជារដ្ឋមានស្ថិរភាព វិបុលភាព និងវឌ្ឍនភាព។

ក្នុងរយៈពេល ២៧ឆ្នាំ កន្លងមកនេះ សម្តេច អះអាងថា រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយ បានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ដោយបានតាក់តែងនិងអនុម័តច្បាប់ សរុបបានចំនួន ៥៧៥ច្បាប់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ ទាំងក្នុងផ្នែកនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ។

ក្នុងន័យនេះ សម្តេចបានអំពាវនាវរួមគ្នាបន្តគោរព ការពារនិងអនុវត្តតាមរដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋ ជាកោះសន្តិភាព មានការអភិវឌ្ឍ និងរុងរឿងរហូតតទៅ។

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលសម្រាប់ប្រទេសកម្ពុជា ដែលប្រកាន់នូវរបបប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញ គ្រប់គ្រង បញ្ហា អធិបតេយ្យភាព តួនាទី និង ឋានៈ របស់ព្រះមហាក្សត្រ សិទ្ធិ ជាមូលដ្ឋាន របស់ប្រជាពលរដ្ឋខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ និងកិច្ចការសង្គម ការប្រព្រឹត្តទៅ នៃរដ្ឋសភា ព្រឹទ្ធសភា សមាជ និង រាជរដ្ឋាភិបាល ការប្រព្រឹត្តទៅ នៃស្ថាប័ន តុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាល និង សភាជាតិ។

ជាពិសេសរដ្ឋធម្មនុញ្ញ ក៏ជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅទៅតាមច្បាប់។ មិនតែប៉ុណ្ណោះរាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តទាំងនោះ នឹងអធមនុញ្ញភាព។

ប្រទេសកម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញដែលកម្ពុជា កំពុងប្រើប្រាស់នាពេលបច្ចុប្បន្នជារដ្ឋធម្មនុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះវររាជបីតា ឯករាជជាតិ នរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ មាន១៦ជំពូក និង១៥៨មាត្រា។

រដ្ឋធម្មនុញ្ញ ដែលកម្ពុជាកំពុងនិងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ បានកើតឡើងជាថ្មី បន្ទាប់ពីសង្រ្គាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍ត្រូវបានបញ្ចប់ក្រោមជំនួបកិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ រដ្ឋធម្មនុញ្ញនេះ ក៏ជាសារបង្ហាញពីស្មារតីរួបរួមសាមគ្គីភាពរបស់ប្រមុខដឹកនាំខ្មែរ រួមមានសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាមេដឹកនាំចលនាតស៊ូ និង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលសម័យរដ្ឋកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង