Cctime 6monthsfree desktop
Cc times  web banner kh

ប្រធានរដ្ឋវៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ថ្ងៃទី១២-១៣ កក្កដា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៩ ខែកក្កដា។

បើតាមសេចក្តីប្រកាសដដែលបានឲ្យដឹងថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក តូ ឡឹម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។

ប្រធានរដ្ឋវៀតណាម គ្រោងនឹងជួបជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សេចក្តីប្រកាសបញ្ជាក់ថា៖«ជំនួបទាំងនេះត្រូវបានរំពឹងថានឹងគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ»។

ប្រធានរដ្ឋវៀតណាម គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងនៅមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។ លោក តូ ឡឹម ក៏គ្រោងនឹងទទួលការចូលជួបសម្តែងការគួរសមពីសម្ដេច ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង